ទីបំផុត! ថៃសម្រេចបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីឡើងវិញ ដោយមិនគិតពីស្ថានភាពកូវីដ-១៩
ទេសចរណ៍ December 10, 2020 Khmernote

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសថៃបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញមកពីគ្រប់ប្រទេសទាំងអស់ ដោយមិនគិតពីស្ថានភាពកូវីដ-១៩ នៃប្រទេស​របស់អ្នកដំណើរ។ បើតាមប្រភពដដែល ការបើកដំណើរការនេះ គឺស្ថិតនៅក្រោមកម្មវិធីទិដ្ឋការពិសេសស្នាក់នៅរយៈពេលវែងដែលត្រូវបានធ្វើវិសោធនកម្មសម្រាប់អ្នកទេសចរ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសថៃ នៅតែត្រូវគោរពតាមការដាក់កម្រិតធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរបស់ប្រទេសថៃដែរ។

លោកស្រីបានបន្តថា គោលនយោបាយចូលកាន់តែសេរីទៅៗ តំណាងឲ្យការផ្លាស់ប្ដូររបស់រដ្ឋាភិបាល ហើយ​ត្រូវបានរៀបចំឡើងដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងទន់ខ្សោយ។ លើសពីនេះ ស្ថានភាពតឹងរឹងត្រូវបានបន្ទោសជាមូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរទាប បើទោះបីជាពលេកន្លងមករដ្ឋាភិបាលបានបើកប្រទេសសម្រាប់អ្នកដែលមកពីប្រទេសមានហានិភ័យទាបក៏ដោយក្ដី ពោលគឺការទាញយកអត្ថប្រយោជន៍ពីកម្មវិធីនេះមានតែភ្ញៀវមកពី ៨២៥ នាក់មកពី ២៩ ប្រទេសប៉ុណ្ណោះ ហើយមានតែទូកដឹកទំនិញប្រណិតចំនួន ៦ ប៉ុណ្ណោះ។

លោកស្រីបានបន្ថែមទៀតថា គណៈរដ្ឋមន្រ្តីក៏បានសំរេចចិត្តពន្យារពេលការស្នាក់នៅសម្រាប់អ្នកទេសចរដែលកាន់ទិដ្ឋការពិសេស​រយៈពេល ៣០ ថ្ងៃទៀត ឬ សរុប ៦០ ថ្ងៃ។ ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានទទូចកាលពីថ្ងៃអង្គារថា ប្រទេសថៃមិនបានជួបប្រទះរលកនៃការរាតត្បាតជាលើកទី២ នោះទេ ហើយក៏មិនត្រូវប្រឈមនឹងបញ្ហាប្រឈមណាមួយផងដែរ។ លោកនាយករដ្ឋមន្រ្តីបានជំរុញឱ្យប្រជាជនកុំភ័យស្លន់ស្លោរ ដោយនិយាយថា វានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរហើយគាត់បានលើកឡើងពីការពិតដែលថាការកក់សណ្ឋាគារជាច្រើនត្រូវបានលុបចោលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែមានប្រតិកម្មហួសហេតុចំពោះរបាយការណ៍របស់អ្នកផ្សព្វផ្សាយជាន់ខ្ពស់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost