កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុនសាង់សងចិន ដើម្បីបញ្ចប់ការស្ថាបនានាខែឧសភា ឆ្នាំ ២០២១ តាមការគ្រោងទុកដើម្បីប្រគល់ជូនកម្ពុជាសម្រាប់ការប្រើប្រាស់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បញ្ជាក់ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនបានសាងសង់ប្រមាណជា ៨៥% ហើយៗគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភា ឆ្នាំ ២០២១។
គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា ៨៥% ហើយដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូលជារចនាបថក្បាច់ផ្កាចន្ទបាន ១០% ទៅ ២០% បំពាក់កៅអីមានព៌ណចម្រុះបន្ថែមមានព៌ណស ខៀវ និងបៃតង។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ពហុកីឡដ្ឋាជាតិមរតកតេជោ នឹងរៀបចំការប្រកួតសាកល្បងដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណដល់មិត្តចិនផងដែរ។

គួរបញ្ជាក់ថា តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ ២០២១ ដោយត្រូវការពេលវេលាបន្ថែមក្នុងការបំពាក់កៅអីកញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុងហើយនៅឆ្នាំ ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ ៧០០០នាក់ ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិកគ្រូបង្វឹកអាចហូបចុកស្នាក់នៅទីនេះជុំគ្នាផ្តល់ភាពងាយស្រួលក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន


