នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បានណែនាំដល់ក្រសួងការបរទេសឲ្យពន្លឿនការបន្ធូរបន្ថយការរឹតត្បិតលើជនបរទេសដែលចូលមកប្រទេសនេះ។ លោក Jaturon Chaiyakham អគ្គនាយករងនៃនាយកដ្ឋានកិច្ចការកុងស៊ុលបានមានប្រសាសន៍ថា « បើនិយាយពីបញ្ហានេះ ក្រសួងការបរទេសនឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្រ្តីសម្រាប់ការពន្យារទិដ្ឋាការឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេសពី ៣០ ថ្ងៃទៅ ៤៥ ថ្ងៃដើម្បីទូទាត់សំណងសម្រាប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃរបស់ពួកគេ »។
មានប្រទេសចំនួន ៥៦ ដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការដែលនឹងត្រូវអនុវត្តនេះ ដូចជាប្រទេសរុស្ស៊ីក៏មានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសថៃផងដែរ។ លោក Jaturon បន្តថា « ជាមួយនឹងការធ្វើបែបនេះចំនួនភ្ញៀវទេសចរត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១ ម៉ឺនទៅ ២ ម៉ឺននាក់ក្នុងមួយខែ »។

ជាមួយគ្នានេះដែរ លោក Nattaphon Narkphanit ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺ Covid-19 បានពិភាក្សាជាមួយក្រសួងការបរទេសស្តីពីការបន្ធូរបន្ថយការរឹតបណ្តឹងនៃជំងឺ Covid-19 ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើជនបរទេសដែលចូលក្នុងប្រទេសថៃ រួមទាំងការរៀបចំទិដ្ឋាការសម្រាប់ការធ្វើដំណើររបស់ពួកគេទោះបីជាសុវត្ថិភាពសុខភាពសាធារណៈនឹងនៅតែជាក្តីបារម្ភក៏ដោយ។

វិស័យទេសចរណ៍របស់ថៃត្រូវបានគេព្យាករណ៍ថា នឹងវិលត្រឡប់មករកកម្រិតដូចមុនពេលមានជំងឺរាតត្បាតនៅឆ្នាំ ២០២៤ ហើយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេរំពឹងថា នឹងចំណាយពេល ២ ឆ្នាំដើម្បីស្តារឡើងវិញ។

ក្រុមមន្រ្តីថៃបានព្យាករណ៍ថា នឹងមានភ្ញៀវទេសចរបរទេសចំនួន ៦.៧ លាននាក់នៅឆ្នាំនេះ ដែលភាគច្រើនបានទៅលេងនៅត្រីមាសទី១ មុនពេលការហាមឃាត់។ ភ្ញៀវបរទេសត្រូវបានគេប៉ាន់ស្មានថា នឹងមានចំនួន ៨ លាននាក់នៅឆ្នាំក្រោយមុនពេលកើនឡើងដល់ ១៦ លាននាក់នៅឆ្នាំ ២០២២, ៣២ លាននាក់នៅឆ្នាំ ២០២៣ និង ៤០ លាននាក់នៅឆ្នាំ ២០២៤ ។

គួរឱ្យដឹងផងដែរថា ប្រទេសថៃមិនទាន់បានដកការហាមឃាត់ការធ្វើដំណើរចាប់តាំងពីខែមេសា ទោះបីជាប្រទេសនេះមានការផ្ទុះឡើងតិចតួចហើយបានដកចេញនូវការរឹតត្បិតភាគច្រើនក៏ដោយ។ នាពេលថ្មីៗនេះ ថៃបានចាប់ផ្តើមទទួលបានចំនួនភ្ញៀវទេសចរដែលមានកំណត់លើទិដ្ឋាកាពិសេសដែលមានលក្ខខណ្ឌកំណត់៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


