ថៃ ប្រែក្លាយកញ្ឆាដែលជារបស់ខុសច្បាប់ឲ្យមានលក្ខណៈស្របច្បាប់វិញ ហើយប្រើជាសក្ដានុពលស្រូបទាញភ្ញៀវទេសចរនៅឆ្នាំក្រោយ
ទេសចរណ៍ December 8, 2020 Khmernote

ក្រសួងទេសចរណ៍ និងសុខាភិបាលថៃគ្រោងចាប់ផ្ដើមដំណើរការដំណើរកម្សាន្តថ្មីដែលហៅថា កញ្ឆាវេជ្ជសាស្រ្ត ( medical cannabis tour) នៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ The Thaiger កាលពីព្រឹកមិញនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា គម្រោងដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្ត គឺដើម្បីទស្សនា និងស្វែងយល់ចម្ការកញ្ឆាពាសពេញប្រទេសថៃដែលកំពុងដំណើរការ ហើយដំណើរកម្សាន្តនេះអាចនឹងមានសក្តានុពលសម្រាប់ភ្ញៀវទេសចរ និងជាដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្តដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn បានមានប្រសាសន៍ថា ដំណើរកម្សាន្តថ្មីនេះមានគោលបំណងដើម្បីអប់រំប្រជាជនអំពីការប្រើប្រាស់ថ្នាំដែលផលិតចេញពីកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ ខណៈនាយកដ្ឋានទេសចរណ៍របស់ប្រទេសថៃ កំពុងធ្វើការជាមួយនាយកដ្ឋានឱសថបុរាណថៃ ដើម្បីជំរុញសក្តានុពលផ្លូវទេសចរណ៍សម្រាប់ទេសចរណ៍វេជ្ជសាស្រ្តរបស់ខ្លួន។ ហើយនៅក្នុងដំណាក់កាលដំបូងកម្មវិធីនេះ មានគោលបំណងអប់រំប្រជាជនក្នុងស្រុកដែលចង់បង្កើតសហគ្រាស សហគមន៍ និងដេញថ្លៃក្លាយជាអ្នកដាំកញ្ឆាដែលមានការអនុញ្ញាត ហើយកម្មវិធីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការយល់ដឹងជាមូលដ្ឋានអំពីកញ្ឆា និងអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច។

គួរឲ្យដឹងផងដែរថា កញ្ឆាដែលប្រើប្រាស់សំរាប់ការកំសាន្ដ គឺនៅតែខុសច្បាប់ ប៉ុន្តែប្រទេសថៃបានធ្វើឱ្យកញ្ឆាមានលក្ខណៈស្របច្បាប់សម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ២០១៨ ដែលបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះមានតែភ្នាក់ងាររដ្ឋ និងស្ថាប័នដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យដាំដើមកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត ហើយបច្ចុប្បន្ននេះមានចម្ការកញ្ឆានៅខេត្តចំនួន ៨ រួមមាន Mae Hong Song, Lampang, Samut Songkhram, Sakon Nakhon, Nakhon Ratchasima, Buri Ram, Phatthalung និង Chon Buri៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger