កូរ៉េខាងត្បូង ត្រៀមថវិកា ១.២ ពាន់លានដុល្លារដើម្បីទិញវ៉ាក់សាំងការពាជំងឺ Covid-19 សម្រាប់មនុស្ស ៤៤ លាននាក់ ឬជិត ៩០% នៃប្រជាជនរបស់ខ្លួន
សេដ្ឋកិច្ច December 8, 2020 Chan Sreyny

រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងទិញវ៉ាក់សាំងការពារជំងឺ Covid-19 ដល់មនុស្សរហូតដល់ទៅ ៤៤ លាននាក់ ឬជិត ៩០% នៃប្រជាជនរបស់ប្រទេសនេះ។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានទិញពីក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេសនិ ងតាមរយៈគម្រោងវ៉ាក់សាំងសកលដែលត្រូវបានគេស្គាល់ថាជា COVAX ដែលត្រូវបានរចនាឡើងដើម្បីធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ។ រដ្ឋាភិបាលកូរ៉េ បានត្រៀមថវិកាចំនួន ១.៣ ទ្រីលានវ៉ុន (១.២ ពាន់លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងការពារជំងឺនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េលោក Park Neung Hoo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា « ដំបូងឡើយរដ្ឋាភិបាលគ្រោងនឹងទិញវ៉ាក់សាំងសម្រាប់មនុស្សប្រមាណ ៣០ លាននាក់ ប៉ុន្តែនឹងបង្កើនចំនួននេះដោយសារតែភាពមិនច្បាស់លាស់អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ »។

លោក Park បានបន្តថា « មនុស្សប្រហែល ៣៦ លាននាក់រួមទាំងមនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលផ្តល់ការថែទាំសុខភាពនឹងមានអាទិភាពក្នុងការទទួលថ្នាំបង្ការ »។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយ។

គួរឱ្យដឹងផងដែរថា ប្រទេសកូរ៉េបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៥៩៤ ករណីនៅថ្ងៃអង្គារ ដែលនាំឱ្យមានចំនួនសរុបដល់ទៅជាង ៣៨,៧០០ នាក់នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews