យោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកល កូវីដ-១៩ បានចាប់ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយទាក់ទងនឹងមេរោគកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។ បើតាមការបញ្ជាក់របស់ស្ថានទូតនៅលើផេកផ្លូវការបានរៀបរាប់ដូច្នេះថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀតរបស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា។
ភាពជាដៃគូរបស់អាមេរិកជាមួយនឹងប្រជាជនកម្ពុជាមានច្រើនរូបភាព ហើយតាមពិតទៅ សូម្បីតែនៅក្នុងអំឡុងពេលនៃរោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧០០,០០០ ដុល្លា ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជាង ២ ពាន់លានដុល្លា នៅកម្ពុជា តាមរយៈកម្មវិធីដែលរួមមានកម្មវិធីលើកកម្ពស់សុខភាព ការអប់រំ កសិកម្ម ការការពារបរិស្ថាន ការពង្រឹងអភិបាលកិច្ច និងសិទ្ធិមនុស្ស ហើយយើងនៅតែមានការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រដល់សេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឲ្យមានអនាគតមួយប្រកបទៅដោយសុខភាពល្អ វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ។




