ដោយសារតែកូវីដ-១៩​ ថៃ ក្លាយជាប្រទេសផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ លើពិភពលោក
សេដ្ឋកិច្ច December 7, 2020 Khmernote

ក្រោយរោងចក្រផលិតស្រោមដៃលំដាប់ទី១ លើពិភពលោករបស់ប្រទេសម៉ាឡេស៊ីត្រូវបានផ្អាកជាបណ្ដោះអាសន្ន ប្រធានអាជ្ញាធរកៅស៊ូថៃ (RAT) បាននិយាយថាប្រទេសថៃបានក្លាយជាអ្នកផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ នៅលើពិភពលោក ដោយសារតែតម្រូវការកើនឡើងក្រោយការផ្ទុះឡើងជាថ្មីម្ដងទៀតនវីរុស covid-19។ លោក Nakorn Takkawipat អគ្គនាយក RAT មានប្រសាសន៍ថា៖ « ដោយមានការគាំទ្រពីរដ្ឋាភិបាល យើងអាចក្លាយជាមជ្ឈមណ្ឌលផលិតស្រោមដៃកៅស៊ូរបស់ពិភពលោក ដោយយើងមានបច្ចេកវិទ្យារួចហើយដើម្បីកាត់បន្ថយប្រូតេអ៊ីនដែលបង្កើតអាឡែរហ្សីនៅក្នុងស្រោមដៃកៅស៊ូ ដែលប្រសិនបើក្រុមហ៊ុនផលិតក្នុងស្រុកទាំងអស់អនុវត្តបច្ចេកវិទ្យានេះ នឹងអាចបង្កើនតម្លៃផលិតផលរបស់ពួកគេ និងលើកកម្ពស់ស្រោមដៃកៅស៊ូថៃនៅលើទីផ្សារពិភពលោក»។

ជាមួយគ្នានេះលោក Junlathep Khajornchaikul នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិលោហៈ និងវត្ថុធាតុដើម (MTEC) បានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន MTEC ទទួលបានជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយ ឬ លុបបំបាត់ប្រូតេអ៊ីនដែលអាចបង្កឱ្យមានប្រតិកម្មអាឡែហ្ស៊ីនៅក្នុងស្រោមដៃកៅស៊ូ។ ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់យើងបានបញ្ជាក់ថា ស្រោមដៃដែលបានប្រើជាមួយបច្ចេកវិទ្យានេះបានឆ្លងកាត់ស្តង់ដារ ASTM D7427-16 ហើយមានប្រូតេអ៊ីនសូន្យដែលអាចបង្កឱ្យមានប្រតិកម្មអាឡែហ្ស៊ី »។ លោកបានបន្តថា យ៉ាងណាមិញ ជំហានបន្ទាប់ គឺការគណនាថ្លៃដើមដែលនឹងត្រូវបន្ថែមទៅលើសម្ភារៈ ដែលយើងរំពឹងថាគួរតែស្ថិតក្នុងកម្រិតដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក ភាគច្រើន។

យោងតាមលោកស្រី Naphawan Lekhawat ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូរបស់ RAT បានឲ្យដឹងថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២០ ប្រទេសថៃបាននាំចេញស្រោមដៃជាង ២០.៥ ពាន់លានគូកើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រីបានបន្ថែមថា ការនាំចេញស្រោមដៃកៅស៊ូសរុបក្នុងឆ្នាំ ២០១៩ មានចំនួន ៣៧.៣ ពាន់លានបាត ខណៈឆ្នាំនេះយើងបាននាំចេញជាង ៥៣.៨ ពាន់លានបាត ដែលកើនឡើង ៧២.៤% ដោយសារតែស្ថានភាព Covid-19 ហើយនេះធ្វើឱ្យប្រទេសថៃក្លាយជាក្រុមហ៊ុនផលិត និងនាំចេញស្រោមដៃកៅស៊ូធំលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ ក្នុងនោះអ្នកនាំចូលស្រោមដៃកៅស៊ូកំពូលៗ ចំនួន ៥ ពីប្រទេសថៃរួមមាន៖ សហរដ្ឋអាមេរិក (២០.៦៤ ពាន់លានបាត) ចក្រភពអង់គ្លេស (៣.៩៥ ពាន់លានបាត) ជប៉ុន (២.៩៩ ពាន់លានបាត) ចិន (២.៩ ពាន់លានបាត) និងអាល្លឺម៉ង់ (៣.៤៩ ពាន់​លានបាត)៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand