ប្រទេសសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍន៍មួយនៅតំបន់អាស៊ានបានសម្រេចចូលរួមវិភាគទានថវិកាចំនួន ៥ លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបែងចែកទៅប្រទេសចំនួន ៩២ ក្នុងនោះក៏មានប្រទេសនៅតំបន់អាស៊ានមួយចំនួនផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងក្រសួងសុខាភិបាល និងក្រសួងការបរទេសនៃប្រទេសសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសដែលចេញផ្សាយនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់បន្ថែមថា « ដើម្បីជាផ្នែកមួយនៃការគាំទ្ររបស់យើងនៅលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបានព្រមទាំងការបែងចែកវ៉ាក់សាំងនេះដោយស្មើភាព ប្រទេសសិង្ហបុរីនឹងរួមចំណែកវិភាគទានចំនួន ៥ លានដុល្លារទៅក្នុងយន្តការទទួលបានមុននៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប រួមទាំងប្រទេសមួយចំនួននៅតំបន់អាស៊ាន ឱយទទួលបាននូវវ៉ាក់សាំងតាមរយៈយន្តការ COVAX នេះ »។

ដោយឡែកលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់រួចហើយថា ខណៈប្រទេសកម្ពុជាគឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ក្រសួងសុខាភិបាលបាន និងកំពុងធ្វើការយ៉ាងជិតស្និទជាមួយអង្គការសុខភាពពិភពលោកក៏ដូចជាប្រទេសនានាដទៃទៀត ក្នុងការគិតគូរស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាផងដែរ ដែលហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។

គួររម្លឹកផងដែរថា បើទោះជាមានប្រទេស និងក្រុមហ៊ុនមួយចំនួនបានសម្រេចផលិត និងធ្វើតេស្តដោយជោគជ័យនូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក៏ដោយ ក៏រហូតមកទល់ពេលនេះអង្គការសុខភាពពិភពលោកពុំទាន់ទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងណាមួយនូវឡើយទេ៕

ប្រភព៖ ក្រសួងព័ត៌មាន


