វិស័យទេសចរណ៍ក្រុងតូក្យូ នៅតែប្រឈមនឹងផលប៉ះពាល់ បន្ទាប់ពីរដ្ឋាភិបាលស្នើសុំមិនឲ្យមនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពប្រើយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរ
ទេសចរណ៍ December 7, 2020 Khmernote

អាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍នៅទីក្រុងតូក្យូបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ ខណៈរដ្ឋាភិបាលបានស្នើសុំសម្រាប់មិនអនុញ្ញាតឲ្យមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពប្រើយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរក្នុងស្រុកចំពេលមានករណីផ្ទុះឡើងជាថ្មីនូវវីរុស Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍មួយនៅតាមបណ្តោយផ្លូវដើរទិញឥវ៉ាន់ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងរដ្ឋធានីបាននិយាយថា៖ « ក្រោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលកណ្តាលដាក់ឲ្យមានការប្រើប្រាស់កម្មវិធីលើកកម្ពស់ទេសចរណ៍ ភ្ញៀវទេសចរបានត្រលប់មកវិញខ្លះហើយ​ »។

ប៉ុន្តែម្ចាស់អាជីវកម្មរូបនេះបានបន្ថែមថា ទោះ​ភ្ញៀវបានត្រលប់មកវិញខ្លះក៏ដោយ តែហាងរបស់លោកមិនអាចជៀសផុតពីផលប៉ះពាល់ទេ ព្រោះ​តែសំណូមពរចុងក្រោយពីរដ្ឋាភិបាលនេះ។ គួរម្លឹកផងដែរថា កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលក្រុងជប៉ុនបានបញ្ចូលកម្មវិធី “Go To Travel” ដើម្បីជាវិធីសាស្រ្តលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដោយគ្រប់ដណ្ដប់លើការចំណាយរបស់អ្នកដំណើរចំនួនពាក់កណ្តាលរួមមាន ការស្នាក់នៅ ការដើរទិញឥវ៉ាន់ និងការបរិភោគអាហារនៅតាមគោលដៅធ្វើដំណើរ។

ទោះជាយ៉ាងណាក្ដីមកទល់ពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានស្នើសុំលុបចោលការអនុវត្តគម្រោងនេះសម្រាប់មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាព បន្ទាប់ពីការរីករាលដាលជាថ្មីម្ដងទៀតនៃវីរុស Covid-19 ក្នុងខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថា នៅទូទាំងប្រទេសចំនួនអ្នកជំងឺដែលមានរោគសញ្ញា (Covid-19) ធ្ងន់ធ្ងរ បានកើនឡើងដល់ចំនួន ៥២០ នាក់ គឺកើនឡើង ១៥ ពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈការឆ្លងជាង ២,៤០០នាក់ ត្រូវបានគេរាយការណ៍ថ្មីរួមទាំងកំណត់ត្រាប្រចាំថ្ងៃ ៥៨៤ នៅតូក្យូ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews