ជប៉ុន ពង្រីកយុទ្ធនាការធ្វើដំណើរក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ច ខណៈការឆ្លងជំងឺ Covid-19 បន្តកើនឡើងក្នុងសហគមន៍
សេដ្ឋកិច្ច December 5, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន គ្រោងនឹងពង្រីកយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរក្នុងប្រទេសរហូតដល់ចុងខែមិថុនា ឆ្នាំក្រោយដើម្បីជួយជំរុញសេដ្ឋកិច្ច នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Kazuyoshi Akaba ។ យុទ្ធនាការ “Go To Travel” ត្រូវបានបង្កើតឡើងនៅចុងខែកក្កដា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ ដែលត្រូវបានរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ យោងតាមលោក Akaba រដ្ឋាភិបាលរំពឹងថា នឹងបន្តយុទ្ធនាការហួសកាលបរិច្ឆេទកំណត់ដើមរបស់ខ្លួននៅចុងខែមករា។

លោក Akaba បានប្រាប់សន្និសីទសារព័ត៌មានថា « យើងនឹងពិនិត្យប្រព័ន្ធជាដំណាក់កាល ហើយឆ្លើយតបដោយផ្អែកលើស្ថានភាពនៃការឆ្លង »។ ផែនការបន្ថែម នឹងត្រូវបានលើកឡើងនៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចដែលនឹងត្រូវអនុម័តដោយរដ្ឋាភិបាលនៅសប្តាហ៍ក្រោយ។

កាលពីពេលថ្មីៗនេះ ការធ្វើដំណើរទៅភាគខាងជើងទីក្រុង Sapporo និង Osaka នៅភាគខាងលិចត្រូវបានគេដកចេញ ហើយប្រជាជននៃទីក្រុងទាំងពីរត្រូវបានស្នើសុំឱ្យបដិសេធមិនចូលរួមក្នុងយុទ្ធនាការនេះ ខណៈដែលរដ្ឋាភិបាលក្នុងទីក្រុងតូក្យូបានស្នើសុំឱ្យមនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ និងអ្នកដែលមានបញ្ហាសុខភាពចៀសវាងការធ្វើដំណើរទៅ ឬមករាជធានីដោយប្រើយុទ្ធនាការ។

គួរឱ្យដឹងផងដែរថា ខណៈពេលដែលមានការលេចចេញជាថ្មីនៃការឆ្លងជំងឺ Covid-19 នៅទូទាំងប្រទេសវេជ្ជបណ្ឌិតមួយចំនួនបានស្នើសុំរដ្ឋាភិបាលឱ្យបញ្ឈប់យុទ្ធនាការធ្វើដំណើរ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet