ក្នុងរយៈពេល ១១ ខែកម្ពុជាទទួលបានប្រាក់ចំណូលជាង ៤០០លានដុល្លារពីការនាំចេញអង្ករកើនឡើង ១២%
សេដ្ឋកិច្ច December 4, 2020 Chan Sreyny

កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៤១៥ លានដុល្លារអាមេរិកពីការនាំចេញអង្ករ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០នេះ កើនឡើងជិត ៤៣ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ១១ ខែនេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត ១៧% ដែលគិតជាបរិមាណសរុបមានចំនួន ៦០១,០៤៥តោន គិតជាទឹកប្រាក់ចំនួន ៤១៥ លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣ លានដុល្លារអាមេរិក ឬ ជិត ១២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២ លានដុល្លារតែប៉ុណ្ណោះ។

លោកបានឱ្យដឹងទៀតថា ការកើនឡើងនេះដោយសារតែសហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់មូលដ្ឋានជាយុទ្ធសាស្រ្តក្នុងការកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។ នេះជាមោទនភាពមួយ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាអាចនឹងសម្រេចបាននូវការនាំអង្ករចេញឱ្យបាន ១លានតោន នៅឆ្នាំ ២០២១- ២០២២។

« សហគមន៍អឺរ៉ុបនិងប្រទេសចិន គឺសមតុល្យនូវការបញ្ជាទិញដោយយើងបានចាក់ចំណុចនៅទីផ្សារ ដែលគេចង់បានដូច្នេះយើងថ្លឹងថ្លែង ហើយយើងបានជាង ៦០% ដែលអាចទ្រទ្រង់អង្កររបស់យើងឱ្យមានកំណើនខ្លាំង។ បើសិនជាយើងមើលតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករនៅក្នុងអាណត្តិទី៣នេះ គឺយើងចង់នាំចេញឱ្យបាន ១លានតោន ត្រឹមឆ្នាំ ២០២១-២០២២។ ហើយដូច្នេះ បើយើងមើលតាមតួលេខដែលយើងបានឃើញ យើងពិតជាមានមោទនភាពមែនទែនបើដ្បិតដែលយើងមានផលប៉ះពាល់ដោយទឹកជំនន់ ផលប៉ះពាល់រាំងស្ងួត កូវីដ-១៩ និងថែរក្សាស្បៀងអាហារនៅក្នុងស្រុក ក៏យើងនៅតែឃើញថាមានកំណើនមួយគួរឱ្យកត់សម្គាល់នាពេលនេះ »។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា សម្រាប់ខែវិច្ឆិកា កន្លងទៅនេះដែរអង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២% ទៅកាន់ទីផ្សារក្រុងហុងកុងដែលមានបរិមាណសរុបចំនួន ៤០,៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩ លានដុល្លារអាមេរិក។ លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល ១១ ខែនេះដែរកម្ពុជាបាននាំចេញអង្ករក្រអូបចំនួន ៤៨១,២០០តោន ឬស្មើនឹង ៨០% នៃបរិមាណនាំចេញសរុបដែលក្នុងនោះអង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%៕

ប្រភព៖ ក្រសួងព័ត៌មាន