ឧស្សាហកម្មទេសចរណ៍របស់ថៃអាចនឹងចំណាយពេល ៤ ឆ្នាំដើម្បីងើបឡើងវិញបន្ទាប់ពីរងនូវការប៉ះទង្គិចដោយកង្វះការធ្វើដំណើរ ដោយសារជំងឺរាតត្បាត Covid-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ច នេះបើយោងតាមក្រសួងហិរញ្ញវត្ថុថៃ។ ខណៈពេលដែលអ្នកជំនាញក្នុងស្រុក និងអន្តរជាតិព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តងើបឡើងវិញក្នុងរយៈពេល ២ ឆ្នាំខាងមុខ ហើយឧស្សាហកម្មទេសចរណ៍ដែលបានចូលរួមចំណែកដោយផ្ទាល់ពី ១២% ទៅ ១៥% នៃ GDP របស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងចំណាយពេលយ៉ាងតិច ៤ ឆ្នាំដើម្បីងើបឡើងវិញដូចមុនពេលមានជំងឺរាតត្បាតនេះ។
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃមានប្រសាសន៍ថា លោករំពឹងថាទេសចរបរទេស ៨ លាននាក់នឹងមកដល់នៅឆ្នាំ ២០២១ បន្ទាប់មក ១៦ លាននាក់នៅឆ្នាំ ២០២២ ៣២ លាននាក់នៅឆ្នាំ ២០២៣ និង ៤០ លាននាក់នៅឆ្នាំ ២០២៤ ប៉ុន្តែការព្យាករណ៍នេះ គ្រាន់តែជាការរំពឹងទុកជាទូទៅប៉ុណ្ណោះ។

លោកបន្តថា មិនមានភ្ញៀវទេសចរបរទេសចូលមកប្រទេសនេះទេចន្លោះខែមេសា និងកញ្ញាឆ្នាំនេះ។ នៅក្នុងខែតុលា ភ្ញៀវទេសចរបរទេសចំនួន ១,២០១ នាក់ត្រូវបានចេញទិដ្ឋាកាទេសចរណ៍ពិសេសសម្រាប់រយៈពេលស្នាក់នៅ ៩០ ថ្ងៃដែលអាចបន្តជាថ្មីបានចំនួនពីរដងបន្ថែមរហូតដល់ប្រមាណ ៩ ខែ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិបាននិយាយថា ប្រសិនបើប្រទេសថៃបញ្ចប់ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរបរទេស ៨ លាននាក់នៅឆ្នាំក្រោយ ហើយគម្រោងឧបត្ថម្ភធនជាសាច់ប្រាក់ត្រូវបានពង្រីក GDP របស់ថៃត្រូវបានរំពឹងថា នឹងកើនឡើងពី ៤% ទៅ ៤.៥% ។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនប្រទេសថៃមានភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់ដែលរកចំណូលបាន ២ ទ្រីលានបាត៕
អត្ថបទ៖ នីតា
ប្រភព៖ thethaiger


