គិតត្រឹមដំណាច់ខែវិច្ឆិកា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុសម្រេចបាន ២៨% ហើយការសាងសង់បន្តជាធម្មតាទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ
សេដ្ឋកិច្ច December 3, 2020 Chan Sreyny

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផល ២៨% ហើយដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្តី។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ៣ ខែធ្នូនេះ។ អ្នកនាំពាក្យបានថ្លែងប្រាប់ថា ដំណើរការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាជាលើកដំបូងនេះ បាននិងកំពុងអនុវត្តតាមផែនការដោយនៅតាមការដ្ឋានសាងសង់ពុំមានបញ្ហារាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ។

តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង​ ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ។

តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ ២៤.៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនដល់ ១២០គីឡូម៉ែត្ រក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែងមានប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង មានប្រវែងសរុប ៦,០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន