ដំណឹងរីករាយ! ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់នឹងបង្កើតថាមពលនៅដើមឆ្នាំក្រោយនេះហើយ
សេដ្ឋកិច្ច December 2, 2020 Khmernote

យោងតាមការដកស្រង់ការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែធ្នូនេះ បានឲ្យដឹងថា ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នឹងបង្កើតថាមពល សម្រាប់បណ្ដាញអគ្គិសនីនៅដើមឆ្នាំក្រោយ។ ដំណឹងនេះត្រូវបានប្រកាសដោយក្រុមហ៊ុន Schneitec Renewable Co. , Ltd ដែលជាអ្នកវិនិយោគក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅស្ថានីយរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលទៅស្ថានីយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ។ ក្េុមហ៊ុន Schneitec Renewable Co. , Ltd នាឱកាសនោះបានប្រកាសថា ស្ថានីយសូឡា ៦០ មេហ្គាវ៉ាត់ គ្របដណ្តប់លើផ្ទៃដី ១៣៥ ហិកតានៅស្រុកក្រគរខេត្តពោធិ៍សាត់នឹងបង្កើតថាមពលសម្រាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្ដម វិចទ័រ ហ្សូនា បានឲ្យដឹងថា ក្រុមហ៊ុន Schneitec Renewable Co., Ltd ស្ថិតនៅក្រោមក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Schneitec Co. , Ltd ដែលមានក្រុមហ៊ុនអនុសាខាមួយផ្សេងទៀត គឺក្រុមហ៊ុន Schneitec Infinite Co. , Ltd ដែលបច្ចុប្បន្នកំពុងដំណើរការស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ចាប់តាំងពីខែកញ្ញាឆ្នាំនេះ។ ខណៈស្ថានីយ៍ទាំងពីរមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៩ នូវគម្រោងថាមពលចំនួន ២ នៅខេត្តពោធិ៍សាត់មួយ គឺទំនប់វារីអគ្គិសនី ៨០ មេហ្គាវ៉ាត់ស្ថិតនៅក្នុងស្រុកវាលវែង និងមួយទៀតគឺគម្រោងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៩០ មេហ្គាវ៉ាត់នៅស្រុកក្រគរ។ ក្រៅពីខេត្តពោធិ៍សាត់ប្រទេសកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅតំបន់ផ្សេងទៀតដូចជា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ១០ មេហ្គាវ៉ាត់នៅក្រុងបាវិត ខេត្តស្វាយរៀង ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៨០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង និងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យទំហំ ៥ មេហ្គាវ៉ាត់នៅទីក្រុងបាវិត៕

ប្រភព៖ ក្រសួងព័ត៌មាន