អាជ្ញាធរទេសចរណ៍ថៃ (TAT) គ្រោងនឹងធ្វើការបញ្ចុះតម្លៃ ៤០% លើកញ្ចប់ដំណើរកម្សាន្តក្នុងតម្លៃយ៉ាងតិច ៥,០០០ បាត (ប្រហែល ១៦៥ ដុល្លារ) សម្រាប់ពលរដ្ឋវ័យចំណាស់ម្នាក់ៗ ដែលធ្វើដំណើរអំឡុងពេលថ្ងៃធម្មតា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ nationthailand នាថ្ងៃទី០២ ខែធ្នូនេះ។ បើតាមប្រភពដដែល ការបញ្ចុះតម្លៃនេះត្រូវបានធ្វើឡើងក្រោមដំណាក់កាលទី ២ នៃយុទ្ធនាការ “Rao Tiew Duay Kan” (យើងធ្វើដំណើររួមគ្នា)។ ខណៈដំណាក់កាលទី ១ ដំណើរការរហូតដល់ថ្ងៃទី ៣១ ខែធ្នូ និងផ្តល់ជូនប្រជាជនដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃ ៤០%លើបន្ទប់ និងភោជនីយដ្ឋាននៅតាមគ្រឹះស្ថានដែលចូលរួម។ ពួកគេក៏ទទួលបានប័ណ្ណអេឡិចត្រូនិកផងដែរនៅពេលដែលឆែកចូលសណ្ឋាគារ ក៏ដូចជាការសងថ្លៃសំបុត្រហោះហើរ ៤០% នៅពេលពួកគេចេញដំណើរ។
លោក Yuthasak Supasorn អភិបាល TAT បានមានប្រសាសន៍ថា៖ « នៅឯមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចនៅថ្ងៃពុធ យើងនឹងស្នើគម្រោងនេះដើម្បីផ្តល់នូវអត្ថប្រយោជន៍ស្រដៀងគ្នាពីយុទ្ធនាការ “Rao Tiew Duay Kan” ដល់មនុស្សចាស់ដែលមានអាយុលើសពី ៥៥ ឆ្នាំដែលធ្វើដំណើរនៅថ្ងៃធម្មតា »។ ចំពោះការបញ្ចុះតម្លៃអតិបរមាដែលមនុស្សម្នាក់អាចទទួលបានគឺ ៥,០០០ បាត ដោយការចុះឈ្មោះនឹងបើកសម្រាប់ពលរដ្ឋវ័យចំណាស់ចំនួន ១ លាននាក់។

បេក្ខជនមានសិទ្ធិត្រូវទិញដំណើរកម្សាន្តជាកញ្ចប់ពីប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៤០% ដែលនេះគឺដើម្បីធានាបាននូវការចែកចាយប្រាក់ចំណូលក្នុងចំណោមសហគ្រិនទេសចរណ៍ក្នុងស្រុក។ បន្ថែមពីនេះ លក្ខណៈវិនិច្ឆ័យផ្សេងទៀតរួមមាន៖ កញ្ចប់ត្រូវតែមានការធ្វើដំណើរឆ្លងកាត់ខេត្ត និងច្រើនជាងការស្នាក់នៅរយៈពេល ៣ ថ្ងៃ / ២ យប់ពីប្រតិបត្តិករទេសចរណ៍ដែលមានអាជ្ញាប័ណ្ណត្រូវបានអនុម័តមុនថ្ងៃទី១ ខែមករាឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងដែរថា យោងតាមលោក Yuthasak យុទ្ធនាការពលរដ្ឋវ័យចំណាស់នឹងប្រើថវិកាចំនួន ៥ ពាន់លានបាតពីថវិកាសរុបចំនួន ២០ ពាន់លានបាតដែល (TAT) បានទទួលដើម្បីដំណើរការយុទ្ធនាការទាំងមូល។ ការបញ្ចុះតម្លៃនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងអំឡុងថ្ងៃធម្មតា និងកាត់បន្ថយការទាក់ទាញភ្ញៀវទេសចរនៅចុងសប្តាហ៍៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


