អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សចំនួន ២៣៥លាននាក់ នៅទូទាំងពិភពលោកនឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយដែលជាការកើនឡើង ៤០% ពីឆ្នាំនេះដោយសារជំងឺឆ្លងរាតត្បាត Covid-19។ ការិយាល័យអង្គការសហប្រជាជាតិសំរាប់សម្របសម្រួលកិច្ចការមនុស្សធម៌ ឬ OCHA បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ស្តីពីជំនួយមនុស្សធម៌រួមមានការចែកចាយស្បៀងអាហារ និងការចាក់វ៉ាក់សាំង។ របាយការណ៍បាននិយាយថា ដោយសារតែការរីករាលដាលនៃមេរោគនេះមនុស្សជាច្រើនបានបាត់បង់ការងារ និងមិនអាចបរិភោគបានគ្រប់គ្រាន់ និងត្រឹមត្រូវទេ។
ក្នុងនោះរបាយការណ៍បានបន្ថែមទៀតថា ប្រជាជនដែលងាយរងគ្រោះបំផុតមានចំនួន ១៦០ លាននាក់នៅក្នុង ៥៦ ប្រទេសនិងដែនដីរួមទាំង យេម៉ែន និងស៊ីរី ដែលជាកន្លែងដែលសង្គ្រាមស៊ីវិលបន្តកើតមាន ហើយនឹងត្រូវការជំនួយ ៣៥ ពាន់លានដុល្លារ។ ថ្លែងទៅកាន់សារព័ត៌មានជប៉ុន NHK ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Mark Lowcock បានអំពាវនាវដល់ប្រទេសជប៉ុន និងសហគមន៍ពិភពលោកសម្រាប់ជំនួយហិរញ្ញវត្ថុ។

លោកបាននិយាយថា លោកជឿជាក់ថាប្រទេសអ្នកមានដូចជាប្រទេសជប៉ុន អាចរំពឹងថានឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏សំខាន់នៅឆ្នាំក្រោយដោយសារការរីកចម្រើនលើវ៉ាក់សាំង។ ប៉ុន្តែលោកមិនប្រាកដថា នោះជាករណីសម្រាប់បណ្តាប្រទេសដែលក្រីក្របំផុតនោះទេ ពីព្រោះពួកគេមិនមានធនធានដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេបន្តទៀតបាន ៕


អត្ថបទ៖ លីនី់
ប្រភព៖ nhk


