ឃ្លាំងស្តុក និងឡសម្លាប់មេរោគទៅលើផ្លែមៀនប៉ៃលិនស្រស់មួយកន្លែងត្រូវបានសាងសង់ឡើងនៅជាយក្រុងប៉ៃលិនលើផ្ទៃដីសរុប ៣ហិកតា ក្នុងតម្លៃជាង ៣ លានដុល្លារអាមេរិកដែលបានមកពីការវិនិយោគរួមគ្នារវាងសហគមន៍មៀនប៉ៃលិន និងវិនិយោគិនចិន។ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិនបានឱ្យដឹងថា ឡសម្លាប់មេរោគចំនួន ៤ ត្រូវបានសាងសង់ឡើងនៅក្នុងឃ្លាំងនេះ ដើម្បីយកចេញនូវមេរោគទាំងឡាយដែលមាននៅលើផ្លែមៀនស្រស់តាមកិច្ចព្រមព្រៀងនៃការបញ្ជាទិញ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសស្វែងយល់ពីសក្តានុពលទៅលើដំណាំមៀនប៉ៃលិនដែលរៀបចំឡើងដោយអង្គការ GRET នៅកម្ពុជានាចុងសប្តាហ៍នេះលោកបានបញ្ជាក់ថា ឡនីមួយៗដាក់ផ្លែមៀនស្រស់ចំនួន ៩តោន ដោយប្រើពេលវេលាដើម្បីរំងាប់មេរោគតាមរយៈប្រើចំហាយទឹកក្តៅក្នុងរយៈពេល ៧៥នាទី ក្នុងមួយផលិតកម្ម។ លោកបន្តថា ក្រោយសម្លាប់មេរោគរួចផ្លែមៀនអាចរក្សាគុណភាព និងនៅស្រស់រយៈពេល ២ ខែដែលនេះជាចំណុចងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស។

លោកបន្តទៀតថា នៅពេលឃ្លាំងស្តុក និងឡសម្រាប់សម្លាប់មេរោគនេះដំណើរការគឺត្រូវប្រើកម្លាំងពលកម្មក្នុងស្រុកប្រហែល ២០០នាក់ ។ ទោះជាយ៉ាងនេះក្តី ពេលវេលានៃដំណើរការឃ្លាំងស្តុក និងឡសម្លាប់មេរោគទៅលើផ្លែមៀនប៉ៃលិនស្រស់លើកដំបូងនោះ គឺអាស្រ័យលើការបើកភ្លើងខៀវសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។

គិតមកដល់បច្ចុប្បន្ន ផលិតភាពនៃដំណាំមៀនប៉ៃលិនក្នុងសហគមន៍មៀនប៉ៃលិន ដែលប្រមូលពីកសិករក្នុងសហគមន៍នៅក្នុងខេត្តចំនួន ៤ មានដូចជា៖ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់មានបរិមាណជាង ២ម៉ឺន ៥ពាន់តោន។ បើតាមលោក សារ ចំរើន បានឱ្យដឹងថា ការធ្វើអនាម័យ និងភូតគាមអនាម័យរបស់មៀនប៉ៃលិននាពេលកន្លងមកគឺត្រូវយកទៅធ្វើនៅប្រទេសថៃ ដែលនេះធ្វើឱ្យកម្ពុជាខាតបង់ទាំងថ្លៃដឹកជញ្ជូន សេវានានា និងកម្លាំងពលកម្ម។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានឱ្យដឹងថា ការនាំចេញផ្លែមៀនប៉ៃលិនស្រស់ជួបការលំបាកទៅលើកត្តាចំនួន ៣ គឺ ទី១. លក្ខខណ្ឌវិញ្ញាបនបត្របញ្ជាក់អនាម័យ និងភូតគាមអនាម័យ(SPS) ទី២. លក្ខខណ្ឌវិញ្ញាបនបត្របញ្ជាក់កសិផលសុវត្ថិភាព និងគុណភាព(GAP) និងទី៣. លក្ខខណ្ឌវិញ្ញាបនបត្របញ្ជាក់គុណភាពស្តង់ដារអន្តរជាតិ(ISO)។

ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរំពឹងថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជា នឹងអាចនាំចេញទៅទីផ្សារប្រទេសចិននៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ បន្ទាប់ពីការនាំចេញផ្លែស្វាយជាផ្លូវការទៅប្រទេសចិនលេចចេញជារូបរាងពិតប្រាកដហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន


