អង្ករកម្ពុជាសរុបចំនួន ៦០១,០៤៥តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងអំឡុង ១១ ខែដំបូងនៃឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹងថា តួលេខនេះបង្ហាញពីការកើនឡើង ៨៦,៨៩៦តោន ឬ ១៦.៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបង្ហាញថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅ ៦០ ប្រទេសជុំវិញពិភពលោករួមមាន៖ ប្រទេសចិន ២៤ប្រទេសនៅសហភាពអឺរ៉ុប ៦ប្រទេសនៅអាស៊ាន និង ២៩ប្រទេសផ្សេងទៀត និងក្រុមហ៊ុនចំនួន ៧២ បានចូលរួមក្នុងការនាំចេញ។
ការនាំចេញអង្ករ មានការកើនឡើងនៅគ្រប់ទិសដៅបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នោះគឺ ៣៩.០៩% ទៅប្រទេសចិន ៣១.៣៥% ទៅសហភាពអឺរ៉ុប ១៣.០១% ចំពោះប្រជាជាតិអាស៊ាន និង ១៦.៥៥% សម្រាប់ទីផ្សារបរទេសដទៃទៀត។
គួរឱ្យដឹងផងដែរថា ក្នុងខែវិច្ឆិកា ការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសរបស់កម្ពុជាសរុបចំនួន ៦៤,៧៤០តោន កើនឡើង ១៥.១៨% បើធៀបនឹងឆ្នាំមុន៕
ប្រភព៖ ក្រសួងព័ត៌មាន