ADB អនុម័តកម្ចី ៧០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលលិតកម្មកសិកម្មក្នុងខេត្តចំនួន ៦ នៅកម្ពុជា
សេដ្ឋកិច្ច December 1, 2020 Khmernote

ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB កាលពីពេលថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានថា ខ្លួនបានអនុម័តកម្ចី ៧០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាព និងផលិតកម្មកសិកម្មដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ៦ នៅប្រទេសកម្ពុជា ទាក់ទងទៅនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ​ និងមាន់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។ សេចក្ដីប្រកាសព័តមានបានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម និងសុវត្ថិភាពមានគោលបំណងផ្ដល់ឲ្យប្រហែលជា ២៣០ សហករកសិកម្ម និងកសិពាណិជ្ជកម្ម ចំនួន ៥០ នៅខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ។

ADB បានឲ្យដឹងថា កសិកម្មអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការធ្វើពិពិធកម្មបើកសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក អាចបង្កើនសមត្ថភាពក្នុងការកែច្នៃផលិតផលកសិកម្មតម្លៃខ្ពស់ និងមានទីផ្សារធំទូលាយ ការវិនិយោគឯកជនទៅលើវិស័យកសិកម្ម រួមនឹងលទ្ធភាពកាន់តែប្រសើរដើម្បីទទួលបានឥណទាន និងផលិតផលមិនទាន់កែច្នៃមានគុណភាពខ្ពស់ ជួយឲ្យកសិពាណិជ្ជកម្មកម្ពុជាបញ្ចេញនូវសក្ដានុពលកំណើនរបស់ខ្លួន បង្កើតការងារ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។

ទន្ទឹមនឹងនេះដែរ គម្រោងនេះនឹងជួយគាំទ្រ ដល់គំនិតផ្ដួចផ្ដើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារ នៅក្នុងចង្វាក់តម្លៃសម្រាប់ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ​ និងមាន់ ជាដើម។ គម្រោងនេះនឹងជួយដល់សហករកសិកម្មទទួលបានយកនូវការអនុវត្តកសិកម្មល្អ និងធ្វើឲ្យប្រសើរឡើងនៅមន្ទីរពិសោធន៍ធ្វើតេស្តសុវត្ថិភាពស្បៀងអាហារដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិ៕

អត្ថបទ៖ លីនី