ប្រទេសជប៉ុន និងចិនស្វាគមន៍ការចាប់ផ្តើមធ្វើជំនួញឡើងវិញ បើទោះបីជាការរីករាលដាលនៃជំងឺ Covid-19 កើនឡើងក៏ដោយ
សេដ្ឋកិច្ច November 30, 2020 Chan Sreyny

ប្រទេសជប៉ុន និងចិនបានស្វាគមន៍ការចាប់ផ្តើមធ្វើជំនួញត្រឡប់មកវិញនៅថ្ងៃច័ន្ទនេះ ដោយសង្ឃឹមថាការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន និងការតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនឹងធ្វើឱ្យមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំលំដាប់ទី២ និងទី៣ របស់ពិភពលោក។ លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងវេទិការតាមអ៉ីនធឺណេតដែលចូលរួមដោយអតីត និងមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន និងនាយកប្រតិបត្តិក្រុមហ៊ុនមកពីប្រទេសទាំងពីរថា « វាស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ប៉ុន្តែខ្ញុំរំពឹងថា (ការបន្តការធ្វើដំណើរ) នឹងចូលរួមលើកកម្ពស់ការផ្លាស់ប្តូររបស់មនុស្ស »។

សមភាគីចិនលោក Wang Yi បាននិយាយថា « ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនឹងបង្កើនល្បឿននៃការបន្តសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុននៅពេលមានជំងឺរាតត្បាត ហើយខ្ញុំជឿជាក់ថាវានឹងផ្តល់នូវការគាំទ្រដ៏សំខាន់សម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងចិន និងជប៉ុន »។

វេទិកានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៥ ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកវិភាគមិនស្វែងរកប្រាក់ចំណេញជប៉ុន Genron NPO និងក្រុមហ៊ុនបោះពុម្ពផ្សាយអន្តរជាតិចិន។ ក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុន និងចិននឹងអនុញ្ញាតឱ្យពាណិជ្ជករធ្វើទស្សនកិច្ចរយៈពេលខ្លីត្រូវបានលើកលែងពីរយៈពេលកំណត់រយៈពេល ១៤ ថ្ងៃនៅពេលមកដល់ ប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺ Covid-19 និងដាក់ជូននូវគំរោងធ្វើដំណើររបស់ពួកគេជាមុន។

ទោះយ៉ាងណាក៏ដោយ សម្រាប់ជនបរទេស និងអ្នករស់នៅរយៈពេលវែងផ្សេងទៀតតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល 14 ថ្ងៃបន្ទាប់ពីបានទៅដល់ប្រទេសនីមួយៗ។ យោងតាមទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរចិនមានចំនួនច្រើនបំផុតទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩ ដែលមានប្រជាជនប្រមាណ ៩.៥៩ លាននាក់បានមកដល់ក្នុងនោះមានប្រហែល ៣៧០,០០០ នាក់សម្រាប់អាជីវកម្ម។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃសៅរ៍ ប្រទេសជប៉ុនបានកត់ត្រាតួលេខអ្នកឆ្លងវីរុសថ្មីចំនួន ២,៦៨៤ នាក់ដោយមានចំនួន ៤៤០ នាក់នៃអ្នកដែលឆ្លងជំងឺ Covid-19 មានរោគសញ្ញាធ្ងន់ធ្ងរ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews