អាជ្ញាធរទេសចរណ៍ថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៨២ ពាន់លានដុល្លារនៅឆ្នាំ ២០២៣
សេដ្ឋកិច្ច November 28, 2020 Chan Sreyny

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រាក់ចំណូលនៅឆ្នាំ ២០២៣ នឹងឈានដល់ ៨០% នៃអ្វីដែលសម្រេចបាននៅឆ្នាំ ២០១៩ ។ ប្រាក់ចំណូល ដែលទទួលបានពីវិស័យទេសចរណ៍នឹងមានចំនួន ២.៥ ទ្រីលានបាត (ជាង ៨២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣ ក្រោមផែនការដើម្បីធ្វើឲ្យវិស័យនេះមានភាពរស់រវើកឡើងវិញនៅឆ្នាំ ២០២២ និង ២០២៣ ។ លោក Yuthasak Supasorn អភិបាលនៃ TAT បាននិយាយថា ថវិកាចំនួន ២.៥ ពាន់ពាន់លានបាតក្នុងឆ្នាំ ២០២៣ នឹងមានចំនួន ៨០% នៃថវិកាចំនួន ៣ ទ្រីលានបាតរបស់ប្រទេសថៃដែលទទួលបានពីវិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ ។

នៅឆ្នាំ ២០២១ សហព័ន្ធទេសចរណ៍ថៃ មានគោលបំណងលើកទឹកចិត្តឱ្យប្រជាជនធ្វើដំណើរ។ លោក Supasorn បានពន្យល់ថា អង្គភាពរបស់លោកនឹងលើកទឹកចិត្តក្រុមហ៊ុនជាច្រើនឱ្យរៀបចំសិក្ខាសាលាធ្វើដំណើរបន្ថែមទៀត។ ទោះយ៉ាងណាលោក Supasorn មានប្រសាសន៍ថា ការងើបឡើងវិញនៃវិស័យនេះនៅឆ្នាំក្រោយនឹងមានភាពយឺតយ៉ាវ។ លោកបានបន្ថែមថា ឆ្នាំ ២០២១ គឺជាឆ្នាំដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមសហគ្រិន និងភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ លោកបានព្យាករណ៍ថា ក្រុមបរទេសដំបូងគេដែលវិលត្រឡប់ទៅប្រទេសថៃនៅឆ្នាំ ២០២១ គឺជនជាតិអឺរ៉ុបក្នុងករណីដែលវ៉ាក់សាំង Covid-19 ត្រូវបានបញ្ជាក់ថាទទួលបានជោគជ័យ។ ចំណែកប្រទេសចិនមិនបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទេសចរណ៍ជាក្រុមទេ រហូតដល់មានវ៉ាក់សាំងរួចរាល់។ គួរឱ្យដឹងផងដែរថា វិស័យទេសចរណ៍នឹងនៅតែជាកត្តាសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand