វៀតណាមជួបលាភធំ ខណៈសហគ្រាសមកពី ៣ ប្រទេស នាំគ្នាបោះទុនមិនតិចលានដុល្លារទៅក្នុងវិស័យសំខាន់ៗ
សេដ្ឋកិច្ច November 28, 2020 Khmernote

ខណៈជំងឺរាតត្បាតកំពុងបង្ខំឲ្យប្រទេសនានាលើពិភពលោក ដាក់ចេញវិធានការដើម្បីទប់ស្កាត់ការរីករាលដាល និងស្ដារសេដ្ឋកិច្ចឡើងវិញ សហគ្រាសអាឡឺម៉ង់ ស្វ៊ីស និងអ៊ីស្រាអែលបានឲ្យដឹងថា នឹងចាក់បញ្ចូលទឹកប្រាក់វិនិយោគ ៣៥០ លានដុល្លារក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress សហគ្រាសអាឡឺម៉ង់ស្វ៊ីស និងអ៊ីស្រាអែលវិនិយោគទឹកប្រាក់ ៣៥០ លានដុល្លារលើវិស័យដូចជា ទេសចរណ៍ឌីជីថល ការចាប់ផ្តើមអាជីវកម្មឌីជីថល ការថែទាំសុខភាព និងការផលិតឧបករណ៍វេជ្ជសាស្ត្រផ្ទាល់ខ្លួននៅវៀតណាម។

អតីតអធិការបតីអាល្លឺម៉ង់លោក Philipp Rosler បានធ្វើការលើកឡើងនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កាលពីពេលថ្មីៗនេះ ដោយលោកបានដឹកនាំប្រតិភូធុរកិច្ចបរទេសដែលកំពុងស្វែងរកឱកាសនៅប្រទេសវៀតណាម។ លោក Rosler បាននិយាយថា វិនិយោគិនមួយចំនួនគ្រោងនឹងផ្លាស់ប្តូររោងចក្រផលិតរបស់ពួកគេពីទីផ្សារផ្សេងទៀតទៅកាន់ប្រទេសវៀតណាម។ នៅពេលដែលពួកគេរក្សាបរិយាកាសធុរកិច្ចរបស់វៀតណាមដោយយកចិត្តទុកដាក់ខ្ពស់វិនិយោគិនរំពឹងថា រដ្ឋាភិបាលវៀតណាមនឹងដកការរឹតត្បិតទាក់ទងនឹងនីតិវិធីរដ្ឋបាល។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅឆ្នាំនេះ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនការព្យាករទុកមុនរបស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកឆ្នាំ ២០២០ របស់ប្រទេសវៀតណាម ០.៨% ដល់ ២.៤%។ ជាមួយគ្នានេះវៀតណាមបានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួនជាង ៣៣,០០០ គម្រោងមកពី ១៣៩ ប្រទេស និងដែនដីដែលមានដើមទុនសរុប ៣៨៣ ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឥឡូវនេះប្រទេសវៀតណាមកំពុងអំពាវនាវឱ្យមានការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិត ការគាំទ្រឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress