ឯកអគ្គរាជទូតម៉ាឡេស៊ី ផ្ដល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន ២៥,០០០ដុល្លារដើម្បី​ចូលរួមស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រោះទឹកជំនន់នៅកម្ពុជា
សេដ្ឋកិច្ច November 28, 2020 Chan Sreyny

ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវអំណោយជាមូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីចូលរួមចំណែកស្ដារ​ហេដ្ឋា​រចនាសម្ព័ន្ធ ដែលខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លង​មកនោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ហ៊ុន សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក និងជាអ្នកនាំពាក្យក្រសួងការបរទេសបន្ទាប់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងការ​បរទេស។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នេះគឺជាការបង្ហាញ​នូវកាយវិការសាមគ្គីភាពរវាងប្រទេសទាងពីរនៅក្នុងឋានៈជាប្រទេសសមាជិកអាស៊ានដូចគ្នា ក៏ដូចជាកាយវិការដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីថា បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត១៩ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានជួយប្រទេសជាមិត្តក្នុងអាស៊ានផងដែររួមមាន៖ ​ប្រទេស​ឡាវ និងប្រទេសមីយ៉ាន់ម៉ាដែលបានផ្តល់នូវម៉ាសចំនួន ២លាន និងសម្ភារវេជ្ជ​សាស្ត្រមួយចំនួន ហើយនៅថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកា ខាងមុខរាជរដ្ឋាភិបាលកម្ពុជា និង​នាំយកជំនួយនៃចំនួន ៥០% នៃការផ្តល់ឱ្យប្រទេសឡាវនិងមីយ៉ាន់ម៉ាកន្លងមកទៅ​ឱ្យប្រទេសទីម័រខាងកើត ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការពារការរីករាលដាលជំងឺ​កូវីដ១៩ ​នៅប្រទេសនោះ។

ឯកឧត្ដម Eldeen Husaini Mohd Hashim បានជម្រាបជូនឯកឧត្ដម​ឧបនាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន វិញផងដែរថា ក្នុងឆ្នាំ ២០២១ នេះមានក្រុមហ៊ុនវិនិយោគធំៗនៃប្រទេស​ម៉ាឡេស៊ីចំនួន ៣ ក្រុមហ៊ុនដែលមានបំណងមកវិនិយោគទុននៅកម្ពុជារួមមាន៖ ក្រុមហ៊ុនវិនិយោគគ្រឿងបន្លាស់រថយន្ត ក្រុមហ៊ុនវិនិយោគវិស័យថាមពលប្រេងកាត និងដែលមាន​ជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះផងដែរទំហំទឹកប្រាក់វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលបាន​ចូលរួមជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែធំបន្ថែមទៀតនាពេលអនាគត។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីបានជម្រាបជូនឯកឧត្តមឧប​នាយករដ្ឋមន្ត្រី ផងដែរ នូវគោលបំណងរបស់ម៉ាឡេស៊ី ដែលនឹងផ្តល់ជំនួយដល់​រាជរដ្ឋាភិ​បាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខ។ ជាការឆ្លើយតប​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះ​ប្រទេស​ម៉ាឡេស៊ីដែលផ្តល់​ជំនួយមកកម្ពុជា ដើម្បីរៀបចំប្រកួតស៊ីហ្គេមនាឆ្នាំ ២០២៣ ឱ្យ​ទទួលបានជោគជ័យ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគី​ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំរុះទ្វេភាគី (កម្ពុជា-ម៉ាឡេស៊ី) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រលើកទី៣ នៅម៉ាឡេស៊ីក្នុង​ឆ្នាំ ២០២១ ខាងមុខដើម្បីភាគីទាំងពីរប្រើប្រាស់យន្តការនេះក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាងពីរ ជាពិសេសក្រោយវិបត្តិជំងឺកូវីដ១៩បានធូរស្រាល៕

ប្រភព៖ ក្រសួងព័ត៌មាន