គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ នឹងត្រូវស្ថាបនាខែធ្នូខាងមុខនេះ
សេដ្ឋកិច្ច November 28, 2020 Khmernote

យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពី​ពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ នឹងត្រូវស្ថាបនាខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរក្រុងពោធិ៍សាត់ ដឹកនាំដោយ លោក ក្រូច សុខុន អភិបាលរងក្រុង តំណាង លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង បានដឹកនាំជំនាញពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនមកពីភ្នំពេញ ចុះពិនិត្យ និងខួងយកសំណាក់ដី ដើម្បីធ្វើតេស្តជំរៅ និងគុណភាពដីនៃគម្រោងសាងសង់ស្ពានថ្មើរជើង នៅចំណុចផ្លូវជាតិលខ៥ ចន្លោះសារមន្ទីរខេត្ត និងស្ថានីយប្រេងឥន្ធនៈតេលា។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ នេះត្រូវបានសាងសង់ឡើងដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពេកមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការចង្អុលការពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។ ស្ពានអាកាសថ្មើរជើងថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននិងកំពុងស្ថាបនាជិតរួចរាល់ហើយ ដោយស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ៕

អត្ថបទ៖ លីនី