រំភើបណាស់! គេហទំព័រ និងក្រុមហ៊ុនទេសចរណ៍ចំនួន៤ ផ្សាយថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២០
ទេសចរណ៍ November 28, 2020 Khmernote

ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកនៅឆ្នាំ២០២០ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអន្តរជាតិ និងគេហទំព័រជាច្រើនដែលមានជំនាញវាយតម្លៃចំណាត់ថ្នាក់កន្លែងទេសចរណ៍ល្អបំផុតនៅជុំវិញពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងចំណោមកន្លែងល្អបំផុតសម្រាប់ទស្សនា និងរស់នៅ។ ជាក់ស្ដែងក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី ដោយកម្ពុជាត្រូវបាន​ជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថា ជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។

លើសពីនេះទៅទៀត កាលពីខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុក “កម្ពុជា៖ គោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌” (Cambodia-Best Destination for Heritage)។ ហើយមកទល់ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយពីគោលដៅទេសចរណ៍ល្អបំផុតសម្រាប់​ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភពលោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក៏ជាកន្លែងមួយក្នុងនោះផងដែរ។ បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជាទីក្រុងស្ងប់ស្ងាត់ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញជាច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពស្ដីពីការធ្វើដំណើរ និងទេសចរណ៍ ហើយក្រសួងក៏បាននឹងកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ ឆ្នាំ២០២១- ២០២៥ ផងដែរ ។ ការផ្តល់នូវចំណាត់ថ្នាក់ទាំងនេះបានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩៕

អត្ថបទ៖ លីនី