ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៣០,០០០ហិកតាត្រូវបានស្តារឡើងវិញ
សេដ្ឋកិច្ច November 27, 2020 Chan Sreyny

ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៣០,០០០ហិកតា ត្រូវបានស្តារឡើងវិញហើយនឹងបង្ករផលដំណាំ និងប្រមូលផលនាពេលខាងមុខនេះ។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកដោយឯកឧត្ដម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ ឯកឧត្ដមបានមានប្រសាសន៍ថា ដូចជាប្រទេសជិតខាងដែរប្រទេសកម្ពុជាបានជួបគ្រោះមហន្តរាយធម្មជាតិចំនួន ២ គឺគ្រោះរាំងស្ងួត និងទឹកជំនន់ហើយក្រោយមកទៀតបានបំផ្លាញវាលស្រែចំនួន ៣០០,០០០ហិកតា នៅក្នុងប្រទេស។

នៅពេលគ្រោះមហន្តរាយបានធូរស្រាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការវាយតម្លៃយ៉ាងរហ័សសម្រាប់ការជួយសង្គ្រោះស្រែដែលខូចខាត។ ឯកឧត្ដម ងិន ឆាយ បានបន្តទៀតថា ដោយបច្ចុប្បន្ននេះស្រូវវស្សាដែលរងផលប៉ះពាល់ដោយទឹកជំនន់ប្រហែល ១០% ត្រូវបានស្តារឡើងវិញ។

ពូជស្រូវជាង ៦,០០០តោន ត្រូវបានចែកចាយដល់ប្រជាកសិករដើម្បីដាំដុះក្នុងដីស្រែ ដែលត្រូវបានស្តារឡើងវិញហើយដំណាំត្រូវបានរំពឹងទុកនៅរដូវប្រមូលផលខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន