ទីក្រុងធំៗចំនួនបួនរបស់ជប៉ុននឹងកាត់បន្ថយម៉ោងធ្វើការសម្រាប់ហាងទាំងនេះ ខណៈការឆ្លងជំងឺ Covid-19 បានបំបែកកំណត់ត្រាក្នុងប្រទេស
សេដ្ឋកិច្ច November 27, 2020 Chan Sreyny

ទីក្រុង Nagoya របស់ប្រទេសជប៉ុន គ្រោងនឹងស្នើសុំឱ្យហាងដែលបម្រើស្រាកាត់បន្ថយម៉ោងធ្វើការ ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ខណៈពេលដែលទីក្រុង Tokyo, Osaka និង Sapporo ក៏មានការស្នើសុំដូចគ្នាដែរ ដោយសារតែមានការកើនឡើងនៃការលេចចេញជាថ្មីនៃការឆ្លងជំងឺ Covid-19 នៅក្នុងទីក្រុង និងបានបំបែកកំណត់ត្រានៅក្នុងប្រទេសជប៉ុន។ រដ្ឋាភិបាលនៃកោះ Hokkaido នៅភាគខាងជើងប្រទេសជប៉ុន ដែលបានស្នើសុំបណ្ដាហាងដែលបម្រើការនៅពេលយប់មិនឱ្យធ្វើប្រតិបត្តិការនៅម៉ោង ១០យប់ និងម៉ោង ៥ព្រឹក ចាប់តាំងពីថ្ងៃទី ៧ ខែវិច្ឆិកា ក៏បានសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្យាររយៈពេលនៃការស្នើសុំរបស់ខ្លួនដល់ថ្ងៃទី ១១ ខែធ្នូ។

រដ្ឋាភិបាលតំបន់ Aichi បាននិយាយថា ខ្លួននឹងស្នើសុំហាងខារ៉ាអូខេ បារ និងក្លឹបនៅផ្នែកខ្លះនៃស្រុក Nishiki និងសង្កាត់ Sakae មិនឱ្យដំណើរការចន្លោះនៅម៉ោង ៩យប់ និងម៉ោង ៥ព្រឹក ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ។ រដ្ឋាភិបាលក្នុងតំបន់នឹងបង់ប្រាក់ ២០,០០០ យ៉េន (១៩២ ដុល្លារ) ក្នុងមួយថ្ងៃក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករអាជីវកម្មដែលគោរពតាមសំណើរនេះ។

កាលពីដើមសប្តាហ៍នេះ រដ្ឋបាលទីក្រុង Osaka និងរដ្ឋាភិបាលទីក្រុង Tokyo បានធ្វើការស្នើសុំឱ្យភោជនីយដ្ឋានបិទម៉ោង ៩យប់ និងបារបិទម៉ោង ១០យប់ នៅក្នុងទីក្រុងរបស់ពួកគេរហូតដល់ពាក់កណ្តាលខែធ្នូ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយពេលវេលានៅក្នុងទីក្រុងទាំង ៤ នេះបានកើតឡើងបន្ទាប់ពីក្រុមជំនាញរបស់រដ្ឋាភិបាលកណ្តាលបានផ្តល់អនុសាសន៍ថា អាជីវកម្មពេលរាត្រីត្រូវកាត់បន្ថយម៉ោងរបស់ពួកគេ ឬបិទក្នុងរយៈពេលពីរទៅបីសប្តាហ៍គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19។

គួរឱ្យដឹងផងដែរថា ករណីឆ្លងនៅក្នុងប្រទេសជប៉ុនបានឡើងដល់ ២,៥០០ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនខ្ពស់បំផុតទី២ បន្ទាប់ពីកំណត់ត្រា ២,៥៩២ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews