ដំណឹងរីករាយ! អូស្រ្តាលីនឹងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីអាចត្រលប់ទៅបើកសកម្មភាព និង ស្តារប្រទេសទ្បើងវិញ
សេដ្ឋកិច្ច November 26, 2020 Khmernote

រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ពីការគាំទ្រដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ ដំណឹងនេះត្រូវបានចែករំលែកដោយ ឯកឧត្តមអគ្គរាជទូត Pablo Kang នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង កាលពីពេលថ្មីៗនេះ។ យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាគ្នា ពីការជួយគាំទ្រដល់កម្ពុជា ក្នុងការទទួលបាន និងផ្តល់ថ្នាំវ៉ាក់សាំង ប្រកបដោយប្រសិទ្ធិភាព ប្រឆាំងនឹងជំងឺកូវីដ១៩ ជាផ្នែកមួយ នៃគម្រោងផ្តួចផ្តើមរបស់អូស្ត្រាលី ទាក់ទងនឹងវ៉ាក់សាំងក្នុងតំបន់ ដែលមានទឹកប្រាក់ ចំនួន ៥០០ លានដុល្លា។

នាឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានមានប្រសាសន៍ថា៖ « យើងនឹងផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមក្នុ្ងងកិច្ចព្រមព្រៀង ទិញថ្នាំវ៉ាក់សាំងទុកជាមុន ដែលនេះនឹងជួយឲ្យពួកគេស្ថិតនៅផ្នែកខាងមុខ នៃការតំរង់ជួររងចាំទិញថ្នាំវ៉ាក់សាំង »។

ឯកឧត្តមបានបន្តថា ដោយសារតែយើងដឹងថាប្រសិទ្ធិភាព និងសុវត្ថិភាពនៃថ្នាំវ៉ាក់សាំងមានសារៈសំខាន់ជាងគេ ភាពជាដៃគូនៃសន្តិសុខសុខាភិបាល នឹងជួយគាំទ្រដល់និយតករជាតិ ដើម្បីវាយតំលៃបេក្ខជននៃថ្នាំវ៉ាក់សាំងយ៉ាងម៉ត់ចត់។ ហើយយើងនឹងផ្តល់ជំនួយគាំទ្រ ដើម្បីធានាថាប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងនោះ ត្រូវបានត្រៀមរៀបចំសម្រាប់កិច្ចការ ផ្តល់កំរិតវ៉ាក់សាំង (dose) ប្រកបដោយប្រសិទ្ធិភាព តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប្រទេសអូស្រ្តាលីមានមោទនភាព ក្នុងការផ្តល់កិច្ចគាំទ្រ ដល់ការទទួលបានផលិតផលដំបូង នៃថ្នាំវ៉ាក់សាំងសម្រាប់សហគមន៍អាស៊ីអាគ្នេយ៍ ដោយដឹងថានេះនឹងជួយកម្ពុជាអាចបើកសកម្មភាពទ្បើងវិញ ស្តារប្រទេសទ្បើងវិញ និងទទួលបានភាពរីកចំរើន ដោយយើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា៕

អត្ថបទ៖ លីនី