នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋានយូអិនឌីភី (UNDP) ប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ដែលមានការចូលរួមរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាសាក្សី។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីម្សិលមិញ គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
ទន្ទឹមនឹងនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏បានឲ្យដឹងផងដែរថា ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់និងគាំទ្រដល់ វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ជប៉ុនជឿជាក់ថាជំនួយនេះអាចចូលរួមចំណែកដល់បរិស្ថានរស់នៅក្នុងទីក្រុងនៃប្រទេសកម្ពុជា និងជួយការពារការបំពុលសមុទ្រដោយសំណល់ប្លាស្ទិកបន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន ហើយជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ៕



អត្ថបទ៖ លីនី


