អធិការបតីអង់គ្លេសលោក Rishi Sunak បានព្រមានថា ចក្រភពអង់គ្លេសនឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតក្នុងរយៈពេលជាង ៣០០ ឆ្នាំដោយសារលទ្ធផលនៃការរីករាលដាលនៃជំងឺ Covid-19 ដោយអត្រាអត់ការងារធ្វើរំពឹងថានឹងឈានដល់ ៧.៥% ខណៈពេលដែលលោកបានដាក់ចេញផែនការចំណាយរបស់រដ្ឋាភិបាល។ លោក Sunak បានប្រកាសពីថវិការាប់ពាន់លានផោនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីលើកកម្ពស់ការងារ និងគាំទ្រដល់កម្មករដែលមានប្រាក់ខែទាបប៉ុន្តែលោកបានកាត់បន្ថយថវិកាសម្រាប់គោលនយោបាយ ដោយលោកបាននិយាយថា ពិបាកនឹងបង្ហាញអំពីភាពត្រឹមត្រូវដូចជាការដំឡើងប្រាក់ខែក្នុងវិស័យសាធារណៈ និងជំនួយក្រៅប្រទេសជាដើម។
លោក Sunak បាននិយាយនៅក្នុងសភាថា « ភាពអាសន្នផ្នែកសុខភាពរបស់យើងមិនទាន់ចប់នៅឡើយទេ ហើយភាពអាសន្នផ្នែកសេដ្ឋកិច្ចរបស់យើងទើបតែចាប់ផ្តើម »។ « ដូច្នេះអាទិភាពបន្ទាន់របស់យើង គឺការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន »។

គួរឱ្យដឹងផងដែរថា ជាមួយនឹងការចាក់សោប្រទេសជាថ្មីបានគំរាមកំហែងដល់ការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត ដោយលោក Sunak បានផ្តោតលើការគាំទ្រដល់ការងារ និងអ្នកគ្មានការងារធ្វើដោយដាក់ប្រាក់រាប់ពាន់លានផោនទៅក្នុងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងធានាថាប្រព័ន្ធថែទាំសុខភាពអាចទប់ទល់នឹងការឆ្លងរាលដាលនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


