ជប៉ុន នឹងផ្តល់ការកាត់ពន្ធសំរាប់ជនបរទេសដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ
សេដ្ឋកិច្ច November 26, 2020 Khmernote

ប្រភពពរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធ ថា ប្រទេសជប៉ុនគ្រោងនឹងអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់ជនបរទេសរយៈពេលវែង ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodonews ។ តាមប្រព័ន្ធបច្ចុប្បន្នជប៉ុនដាក់ពន្ធលើទ្រព្យសម្បត្តិរបស់ជនបរទេស ប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាង ១០ ឆ្នាំ ប៉ុន្តែវិធានការណ៍ពិសេសដែលត្រូវណែនាំនឹងអនុញ្ញាតឱ្យពួកគេត្រូវបានរួចផុតពីការដាក់ពន្ធនេះ។

ប្រភពដដែលបានបន្តថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមិនបានចុះបញ្ជីរួមទាំងមូលនិធិវិនិយោគ បន្ថែមប្រាក់ឈ្នួលដល់នាយកប្រតិបត្តិចំពោះការចំណាយអាជីវកម្ម ដើម្បីជួយកាត់បន្ថយពន្ធសាជីវកម្មរបស់ពួកគេ។ យ៉ាងណាមិញការលើកទឹកចិត្តពន្ធនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់កំណែទម្រង់ពន្ធសម្រាប់ឆ្នាំ២០២១ ខណៈគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថានឹងអនុម័តគម្រោងនេះនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា យោងតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលចុងក្រោយបង្អស់ពីក្រុមអ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Z/Yen Group និងវិទ្យាស្ថានអភិវឌ្ឍន៍ចិនដែលបានចេញផ្សាយកាលពីខែកញ្ញា ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍បានឈរនៅលំដាប់កំពូលពីរបន្ទាប់មក គឺសៀងហៃ តូក្យូ ហុងកុង និងសិង្ហបុរី។

ប្រភពពីគណបក្សកាន់អំណាចបានឲ្យដឹងថា អ្នកជំនាញហិរញ្ញវត្ថុដែលមានជំនាញខ្ពស់ជាច្រើនមកពីបរទេសតែងចាកចេញពីប្រទេសជប៉ុនក្នុងរយៈពេល ១០ ឆ្នាំ មួយផ្នែកដោយសារតែប្រព័ន្ធពន្ធបច្ចុប្បន្ន គឺជនបរទេសដែលបានមករស់នៅទីនេះរយៈពេល ១០ ឆ្នាំ ឬ តិចជាងនេះត្រូវបង់ពន្ធលើអចលនទ្រព្យក្នុងស្រុកប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ពន្ធខ្ពស់ និងឧបសគ្គខាងភាសាច្រើនតែត្រូវបានគេលើកឡើងថា ធ្វើឱ្យប្រទេសជប៉ុនមិនសូវទាក់ទាញជាងគូប្រជែងនៅអាស៊ីផ្សេងទៀត ក្នុងការប្រជែងដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews