គម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទទន្លេស្ងួតដែលគេស្គាល់ថាជាមន្ទីរពេទ្យមួយក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កំពុងវិវឌ្ឍន៍ទៅមុខជាលំដាប់ និងលេចចេញជារូបរាងដ៏ស្រស់ស្អាតបណ្តើរៗហើយ។ បើតាមមន្ត្រីជំនាញអះអាងថា នឹងបញ្ចប់គម្រោងជួសជុលនៅចុងឆ្នាំ ២០២០។ លោក ជា សារិទ្ធិ ប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួតបានឱ្យដឹងថា ក្រោយពេលចាប់ផ្តើមអនុវត្តគម្រោងជួសជុល កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅរហូតមកដល់បច្ចុប្បន្ននេះ បានធ្វើការជួសជុលដល់រួតទី៣៦ នៃតួប្រាសាទហើយ និងកំពុងបន្តជួសជុលនៅផ្នែកកំពូលប្រាសាទទៀត។
លោកបន្តថា ដោយសារតែផ្នែកកំពូលមានការបាត់ថ្មចាស់ច្រើន ដូច្នេះក្រុមការងារកំពុងស្វែងរកថ្មនៅផ្នែកខាងក្រោមដើម្បីរៀបចំផ្គុំទៅតាមទ្រង់ទ្រាយដើម។ លោកបន្ថែមទៀតថា ដំណើការជួសជុលប្រាសាទទន្លេស្ងួតមានបញ្ហាប្រឈមច្រើន ដោយសារការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ព្រោះទម្រនៃបាតប្រាសាទស្រុតចូលទៅក្នុងស្រទាប់ដីខ្សាច់រហូតទៅដល់ ១០សង់ទីម៉ែត្រ ចំណែកផ្នែកនៃខឿនប្រាសាទក៏មានការស្រុតចុះដូចគ្នា ទោះជាយ៉ាងនេះក្តីក៏គម្រោងនេះនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០២០ ខាងមុខនេះ។

លោកបញ្ជាក់ថា កិច្ចការដែលយើងបន្តធ្វើសព្វថ្ងៃយើងបានផ្គុំថ្មប្រាសាទហ្នឹងឡើងទៅដល់រួតទី៣៦ និងផ្នែកខ្លះនៅត្រង់ជ្រុងអាគ្នេយ៍នៃប្រាង្គកណ្តាលមានការបាត់បង់ថ្មបែកបាក់ពុកផុយច្រើន ដូច្នេះត្រូវរៀបផ្គុំឡើងវិញតម្រូវឱ្យមានដាក់បន្ថែមនៅថ្មពួកថ្មី ហើយនៅបន្តដាក់បំពេញខឿនជុំវិញផ្នែកខាងជើង ខាងលិច និងសម្អាតមុខថ្មថ្មីដោយកន្លងមកយើងមិនទាន់បានធ្វើវាឱ្យ ស៊ីនឹងថ្មចាស់នៅឡើយទេ គម្រោងយើងនឹងបញ្ចប់នៅចុងឆ្នាំ ២០២០ ។

សូមបញ្ជាក់ថា ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ។ ដោយរងការខូចខាតជាខ្លាំងដោយសារអាយុកាល និងកត្តាធម្មជាតិផងនោះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងជួសជុលកាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ហើយបច្ចុប្បន្នគម្រោងការជួសជុលសម្រេចបានផ្លែផ្កាគួរឱ្យកត់សម្គាល់ នឹងអាចបញ្ចប់នៅចុងឆ្នាំ ២០២០ នេះ៕


ប្រភព៖ ក្រសួងព័ត៌មាន


