សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឌ្យន៍អន្តរជាតិ (USAID) បានផ្តល់ជំនួយមនុស្សធម៏បន្ថែមចំនួន ៦០០,០០០ ដុល្លារអាមេរិកសម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិកជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងមានរយៈពេលយូរតាំងពីដើមខែតុលាមក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា « យើងមើលឃើញប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើនមានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់នៅឆ្នាំនេះ ទើបសហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ »។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌របស់ USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣,៧២៥ ដែលរងផលប៉ះពាល់ដើម្បីឱ្យគេទិញស្បៀងអាហារ។

ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារដែលទីភ្នាក់ងារ USAID បានផ្តល់ឱ្យដំបូងដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមសម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់គ្រួសារចំនួនជាង ២,៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងខេត្តពោធិសាត់។
លោកស្រី Claire Conan តំណាងនៃអង្គការ WFP មានប្រសាសន៍ថា « យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះ មានសារសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូនៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់ »។

ក្រៅពីនេះទៀត ជាមួយនឹងជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឱ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតបនៅតាមតំបន់ដែលរងផលប៉ះពាល់។

តាំងពីឆ្នាំ ២០០០ មកទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារជាជំនួយសម្រាប់កាត់បន្ថយហានិភ័យសម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយនៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន


