រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវការថវិកា ៩៦ ពាន់លានដុល្លារ ដើម្បីធ្វើរឿងមួយនេះ
សេដ្ឋកិច្ច November 24, 2020 Khmernote

យោងតាមទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវបង្កើតមូលនិធិរហូតដល់ ១០ ទ្រីលានយ៉េន (៩៦ ពាន់លានដុល្លារអាមេរិក​) ដើម្បីវិនិយោគលើការផ្លាស់ប្ដូរភាពបៃតង និងឌីជីថលនៃសង្គម ដែលជាគោលដៅសំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ។ លោក Mitsumaru Kumagai ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Daiwa បានមានប្រសាសន៍ថា៖ « ការបង្កើតនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃថវិកាបន្ថែមនាពេលខាងមុខ »។ ជាមួយគ្នានេះ លោក Kumagai ដែលត្រូវបានតែងតាំងជាអ្នកប្រឹក្សាម្នាក់ក្នុងចំនោមអ្នកប្រឹក្សាថ្មីចំនួន ៦ នាក់របស់លោក Sugag នេះបានបន្ថែមថា ថវិកាបន្ថែមទីបីនៅឆ្នាំនេះទំនងជាត្រូវចំណាយសរុបប្រមាណ ១៥ ទ្រីលានយ៉េន។

ទោះបីជាយ៉ាងណាក្ដី លោក Kumagai បានបដិសេធមិនបង្ហាញតួលេខ ថាតើត្រូវចំណាយប៉ុន្មានដើម្បីសម្រេចគោលដៅថ្មីរបស់ប្រទេស ដើម្បីក្លាយជាប្រទេសដែលលុបបំបាត់ឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ នោះទេ ប៉ុន្តែលោកបានលើកឡើងពីការសិក្សាដែលបង្ហាញថាត្រូវការការវិនិយោគវិស័យសាធារណៈ និងឯកជនចំនួន ៣៤០ ទ្រីលានយ៉េន ឬ ១១ទ្រីលានយ៉េនជារៀងរាល់ឆ្នាំ។

យោងតាមសេចក្តីអត្ថាធិប្បាយមួយបានបង្ហាញថា រដ្ឋបាល Suga នឹងព្យាយាមប្រើប្រាស់ថវិកាបន្ថែមដើម្បីធ្វើជំហានច្បាស់លាស់មួយនៅក្នុងទិសដៅនៃការសន្យាអាកាសធាតុ ២០៥០ របស់ខ្លួន។ ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងដាក់បញ្ចូលការចំណាយបន្ថែម ដើម្បីរក្សាសេដ្ឋកិច្ចឱ្យស្ថិតលើផ្លូវងើបឡើងវិញ ចំពេលផ្ទុះឡើងជាថ្មីម្ដងទៀតនៃវីរុស Covid-19 ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ japantimes