គណៈរដ្ឋមន្រ្តីថៃ បើកភ្លើងខៀវលើគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញក្នុងចំនួន ៥ ពាន់លានដុល្លារ ចំណាយទៅលើការបង្កើតការងារ និងដំឡើងប្រាក់ខែ ឬ ជួលកម្មករឡើងវិញ
សេដ្ឋកិច្ច November 24, 2020 Khmernote

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃច័ន្ទ បានផ្ដល់ភ្លើងខៀវដល់គម្រោងដែលមានគោលបំណង ដើម្បីស្ដារសេដ្ឋកិច្ចដែលត្រូវបានវាយប្រហារដោយជំងឺ Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថវិកាចំនួន ១៥២ពាន់លានបាត (ប្រមាណ ៥ ពាន់លានដុល្លារ) ត្រូវបានគេកំណត់សម្រាប់កិច្ចខិតខំប្រឹងប្រែងដែលក្នុងនោះ ១៦,៤៦ ពាន់លានបាត (ប្រមាណ ៥៤១ លានដុល្លារ) នឹងត្រូវចំណាយទៅលើការបង្កើតការងារ និងដំឡើងប្រាក់ខែ ឬ ជួលកម្មករឡើងវិញដូចជា គម្រោងរបស់ក្រសួងការងារក្នុងការគាំទ្រដល់ការជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សា។

ដោយឡែកថវិកាចំនួន ៤៥ ពាន់លានបាត (ប្រមាណ ១.៤៨ ពាន់លាន) ផ្សេងទៀតនឹងត្រូវទុកសម្រាប់គម្រោងនានា ដែលមានគោលបំណងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ខណៈដែលថវិកាចំនួន ៣០ ពាន់លានបាត (ប្រមាណ ៩៨៧ លានដុល្លារ) នឹងត្រូវចំណាយសម្រាប់ជំរុញការប្រើប្រាស់ក្នុងស្រុក ដោយលោក Anucha Burapachaisri បានអះអាងថា អ្វីដែលនៅសេសសល់នឹងត្រូវបញ្ចូលទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះដែរ ការចំណាយនេះត្រូវបានគេរំពឹងថានឹងជំរុញផលិតផលក្នុងស្រុកសរុប ០.២% នៅឆ្នាំនេះ និង ០.២៥% នៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះត្រូវបានគេរំពឹងថា នឹងរក្សា ឬបង្កើតការងារថ្មីចំនួន ៣១០,០០០ កន្លែង បន្ថែមកម្មករចំនួន ១៦០,០០០ នាក់ បង្កើតប្រាក់ចំណូលសម្រាប់អ្នកលក់ ១០០,០០០ នាក់ និងបញ្ចូលប្រាក់ ៦០ ពាន់លានបាត(ប្រមាន ១.៩៧ ពាន់លានដុល្លារ) បន្ថែមទៀតចូលក្នុងសេដ្ឋកិច្ច៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand