រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះការដាំស្រូវសម្រេចបានលើសផែនការ តែបញ្ហាអាកាសធាតុ ធ្វើឲ្យខូចខាតដំណាំមួយចំនួន
សេដ្ឋកិច្ច November 24, 2020 Khmernote

នៅដំណើរចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបានលើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាតផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញបានទាំងស្រុង ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំបានប៉ះពាល់ដល់ស្រែជាង ១៨០០០ ហិកតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិកតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តារឡើងវិញចំពោះផ្ទៃដីដែលអាចស្តារបានគឺសម្រេចបានជាង ៨០%ហើយ ។

គួរបញ្ជាក់ផងដែរថានាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ មកពី១២ឃុំ ក្នុងស្រុកសន្ទុក និងស្រុកបារាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០ គីឡូក្រាម និងថវិការចំនួន ៥ម៉ឺនរៀល ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕