រាជរដ្ឋាភិបាល​ ផ្ដល់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត ​៥៦ ​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ក្រោយ​ជំនន់​ទឹកភ្លៀង​
សេដ្ឋកិច្ច November 23, 2020 Chan Sreyny

​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់តោន និង​ដំណាំ​រួមផ្សំ​ជិត ៥៦​ ម៉ឺន​កញ្ចប់របស់​រាជរដ្ឋាភិបាលត្រូវបាន​ផ្ដល់​ដល់​ប្រជាកសិករតាម​បណ្ដា​រាជធានី-ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំស្រូវ និង​ដំណាំ​រួមផ្សំដែល​ខូចខាតនាពេល​កន្លងមក​នោះ​។​ ​នៅលើ​ផេ​ក​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានសរសេរថា កាលពី​ថ្ងៃ​ ៧​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី ​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាពនៃ​ការងារ​បង្កបង្កើនផល​ការស្តារ​ស្រូវ​ឡើងវិញ ​និងជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។ គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំនេះ បានធ្វើឱ្យ​ប៉ះពាល់​ស្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​វិធានការ​បន្ទាន់​ជំរុញ​ការធ្វើ​ស្រែ និង​ដាំ​ដុះ​ឡើងវិញ​របស់​ប្រជាពលរដ្ឋក្នុង​បំណង​ជួយ​ស្តារជីវភាព​របស់​ពួកគាត់ និង​ចៀសវាង​ការខ្វះ​ស្បៀងអាហារ​។ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែវិច្ឆិកា កន្លងទៅនេះ ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ​ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត ៥៦​ម៉ឺន​កញ្ចប់ ត្រូវបាន​ចែកជូន​ប្រជាកសិករក្រោយពេល​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ​។

បន្ថែម​ពីលើ​នោះ សម្តេច​តេ​ជោក៏បាន​បញ្ចេញ​គ្រឿងចក្រ​កសិកម្ម និង​ម៉ាស៊ីន​ព្រោះស្រូវ​ជាដើម ជួយ​អន្តរាគមន៍​លើ​ការ​ធ្វើស្រែ​ឡើងវិញ​ផងដែរ​។ បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​បាន និងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្មក្នុង​ការដាំដុះ​ឡើងវិញ​នេះ​។​ របាយការណ៍​បាន​បង្ហាញថា ការងារ​ធ្វើស្រែ​ឡើងវិញនៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យសម្រេចបាន​លទ្ធផល​ប្រមាណ​ជាង ៥០​% ខេត្តកំពង់ធំ​សម្រេចបាន ប្រមាណ ៨៥​% និង​ខេត្តពោធិ៍សាត់សម្រេចបាន​ជាង ៣៤​% ​។

ខេត្តបាត់ដំបង ធ្វើស្រែ​បាន ៥,៨៣១​ ហិកតាលើ​ផ្ទៃដី​ដែល​អាច​ស្តារឡើងវិញ​បាន​ចំនួន ១០,៥០០​ហិកតា ខេត្តបន្ទាយមានជ័យបាន ៥,១១៣​ហិកតា លើ​ផ្ទៃដី​អាច​ស្តារឡើងវិញ ចំនួន ១១,១៦៩​ហិកតា ខេត្តកំពង់ធំផ្ទៃដី​ដាំ​ដុះ​ឡើងវិញ​បាន ៦,៣៩២​ហិកតា នៅសល់ ១,១៦៦​ហិកតា និង​ខេត្ត​ពោធិ៍សាត់ដាំ​ដុះ​ឡើងវិញ​បាន ១,១៧៦​ហិកតា លើ​ផ្ទៃដី​ដាំ​ដុះ​ឡើងវិញ ១៧,៨០៤​ហិកតា​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការ​បង្កបង្កើនផល​ឡើងវិញ​របស់​ប្រជាពលរដ្ឋ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី គន់ គីម ក៏បាន​ក្រើនរម្លឹក​បន្ថែម​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ទាំង​ថ្នាក់ជាតិ ក្រោម​ជាតិ និង​មូលដ្ឋានត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ហ្មត់ចត់លើ​ការ​បង្កបង្កើនផល​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្ដម​បាន​ថ្លែង​សង្កត់ធ្ងន់ថា ត្រូវតែ​ចុះ​ពិនិត្យមើល​ឱ្យដល់​វាលស្រែ ហើយ​ដាក់ចេញ​វិធានការ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​៕

ប្រភព៖ ក្រសួងព័ត៌មាន