ថៃកំពុងត្រៀមបញ្ចេញកញ្ចប់ទេសចរណ៍ពិសេសថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសដែលចំណាយខ្ពស់ក្នុងដំណើរកម្សាន្ត
ទេសចរណ៍ November 23, 2020 Khmernote

យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា អាជ្ញាធរទេសចរណថៃ កំពុងស្នើសុំកញ្ចប់ពិសេសដែលត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសដែលចំណាយខ្ពស់ក្នុងដំណើរកម្សាន្ត។ ការបង្កើត​កញ្ចប់ពិសេសទាំងនេះរួមបញ្ចូលទាំងការចំណាយទៅលើថ្លៃធ្វើចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាលថៃ ដោយក្នុងអំឡុងពេលធ្វើចត្តាឡីស័កប្រសិនបើភ្ញៀវទេសចរទិញសេវាកម្មស្នាក់នៅចំនួនពីរយប់ និងទទួលបានការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃ។ គួររម្លឹកផងដែរថា កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលបានបង្កើតកន្លែងធ្វើចត្តាឡីស័កដែលអនុញ្ញាតឲ្យអ្នកដំណើរទទួលបានសេវាកម្មកម្សាន្តផ្សេងៗក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែត្រូវចំណាយច្រើន។

លោក Yutthasak Suphasorn អភិបាលនៃ (TAT) សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ២,០០០ នាក់ ដើម្បីមកទស្សនាប្រទេសថៃក្នុងមួយខែ ដោយរាប់ចាប់ពីខែធ្នូដល់ចុងខែមីនា ក្រោមគម្រោងដែលរៀបចំដោយក្រុម (TAT) រួមមានក្រុមហ៊ុន Thai Airways និងសណ្ឋាគារដែលសហការជាមួយក្រសួង និងមន្ទីររដ្ឋាភិបាល។ ជាមួយគ្នានេះដែរកញ្ចប់ពិសេសដែលកំពុងស្នើសុំដើម្បីទាក់ទាញភ្ញៀវមានដូចជា៖ ការចំណាយរយៈពេលពីរយប់សម្រាប់ធ្វើចត្តាឡីស័កនៅទីក្រុងបាងកក និងទទួលបានការស្នាក់នៅឥតគិតថ្លៃមួយយប់។ បង់ថ្លៃស្នាក់នៅចំនួនពីយប់ នឹងបានការស្នាក់នៅឥតគិតថ្លៃមួយយប់បន្ថែមរួមទាំងការដឹកជញ្ជូនឥតគិតថ្លៃទៅកាន់សណ្ឋាគារផ្សេងណាមួយ និងចុងក្រោយចំណាយ ៣ យប់និងទទួលបានការស្នាក់នៅឥតគិតថ្លៃពីរយប់បន្ថែម រួមទាំងដឹកជញ្ជូនតាមផ្លូវអាកាសដោយឥតគិតថ្លៃទៅកាន់គោលដៅណាមួយ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានស្នើសុំនៅកិច្ចប្រជុំនៃគណៈកម្មាធិការសេដ្ឋកិច្ច CCSA’a ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ គឺលោក ប្រាយុទ្ធ ច័ន្ទអូចា។ នាឱកាសនោះពួកគេបានអនុម័តលើផែនការរបស់អាជ្ញាធរទេសចរណ៍ថៃ សម្រាប់ការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់វិធានការណ៍ថ្មីៗដើម្បីទាក់ទាញអ្នកកាន់ប័ណ្ណ Elite card ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ thaivisa