អាជ្ញាធរទេសចរណ៍ថៃ រំពឹងថា «ថ្ងៃវិសម្សកាលពិសេស» នៅចុងសប្ដាហ៍នេះនឹងអាចរកចំណូលបាន​ ៤១៦ លានដុល្លារពីភ្ញៀវទេសចរ
ទេសចរណ៍ November 21, 2020 Khmernote

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹង​ថា «ថ្ងៃវិសម្សកាលពិសេស» ដែលត្រូវបានរៀបចំឡើងនៅចុងសប្ដាហ៍នេះពោលគឺ ចាប់ពីថ្ងៃព្រហស្បតិ៍ មកដល់ពេលនេះ នឹងអាចរកចំណូលបានជាង ១២.៦ ពាន់លានបាត (៤១៦ លានដុល្លារអាមេរិក)។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ «ថ្ងៃវិសម្សកាលពិសេស» នេះត្រូវបានរៀបចំឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ដោយប្រជាជនចំនួន ៣.០២ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្ត។ ទោះបីជាយ៉ាងណាក្ដីអភិបាល (TAT) លោក Yuthasak Supasorn និយាយថា៖ «ករណី Covid-19 ថ្មីៗនេះ អាចមានឥទ្ធិពលលើផែនការរបស់អ្នកដំណើរ។ ខណៈនៅទីក្រុងបាងកកអ្នកការទូតហុងគ្រីម្នាក់បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី។

ដោយឡែកនៅឯរ៉ាយ៉ុងទាហានកូរ៉េខាងត្បូងម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីត្រឡប់មកពីធ្វើសមយុទ្ធយោធា Cobra Gold របស់ប្រទេសថៃ។ ទាហានរូបនេះក៏ស្នាក់នៅក្នុងទីក្រុងបាងកកផងដែរអំឡុងពេលគាត់នៅប្រទេសថៃ។ ហើយកាលពីខែមុននៅកោះសាមុយស្ត្រីម្នាក់ ត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីត្រូវបានដោះលែងពីកន្លែងធ្វើចត្តាឡីស័កនៅសាមុតប្រាកាន។ ទន្ទឹមនឹងការព្រួយបារម្ភលើរឿង Covid ចំនួនអ្នកធ្វើដំណើរប្រហែលជាមិនច្រើនទេ ព្រោះក្រុមហ៊ុនឯកជនមួយចំនួនបានសំរេចចិត្តមិនផ្តល់ថ្ងៃឈប់សម្រាកបន្ថែម។

លោកបន្ថែមថា មានថ្ងៃឈប់សម្រាកដ៏វែងមួយទៀតនៅក្នុងខែធ្នូ ហើយមនុស្សមួយចំនួនអាចសន្សំប្រាក់ដើម្បីធ្វើដំណើរបាន។ ដោយលោករំពឹងថា ចំនួនអ្នកធ្វើដំណើរសរុបនឹងជិតស្មើនឹងចំនួនអ្នកធ្វើដំណើរក្នុងអំឡុងចុងសប្តាហ៍ដ៏វែងរបស់ខែកញ្ញា។ លោកប៉ាន់ស្មានថា ការស្នាក់បន្ទប់សណ្ឋាគារនឹងមានជាមធ្យម ៣៧%៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger