ប្រទេសជប៉ុនពិចារណាកាត់បន្ថយថ្លៃឈ្នួលចុះចតនៅអាកាសយានដ្ឋានបន្ថែមទៀត ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបំផ្លាញដោយ Covid-19
សេដ្ឋកិច្ច November 21, 2020 Khmernote

វីរុស Covid-19 បាន​វាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ជាក្រុមហ៊ុនអាកាសចរណ៍ ដោយសារតែការរឹតត្បិតពីរដ្ឋាភិបាលប្រទេសនានា ក្នុងការទប់ស្កាត់ការរីករាលដាល​នៃជំងឺ។ កត្តានេះ​បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនត្រូវប្រកាសក្ស័យធន ហើយជាច្រើនទៀតកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានបំផ្លាញដោយវីរុសនេះ រដ្ឋាភិបាល​ជប៉ុនកំពុង ថ្លឹងថ្លែងវិធានការបន្ថែមទៀតទៅលើថ្លៃចុះចតនៅអាកាសយានដ្ឋាន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK​ កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឲ្យដឹងថា មន្រ្តីកំពុងពិចារណាការកាត់បន្ថយថ្លៃចុះចតអាកាសយានដ្ឋានបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ខណៈរដ្ឋាភិបាលបានបន្ថយថ្លៃសេវា ៤៥ ភាគរយរួចមកហើយ។ ប៉ុន្តែរដ្ឋាភិបាលកំពុងសម្លឹងមើលការកាត់បន្ថយបន្ថែម ដែលនឹងគ្របដណ្តប់លើជើងហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋដូច Haneda នៅទីក្រុងតូក្យូ។ បន្ថែមពីនេះរដ្ឋាភិបាលក៏កំពុងពិចារណាកាត់បន្ថយពន្ធលើឥន្ធនៈសម្រាប់ជើងហោះហើរក្នុងស្រុកផងដែរ បន្ទាប់ពីការកាត់បន្ថយ ៣០ ភាគរយមានរួចទៅហើយ។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Japan បានប្រកាសដាក់ពាក្យក្ស័យធន និងប្រកាសថាមិនមានលទ្ធភាពសងប្រាក់ថ្លៃសំបុត្រយន្តហោះទៅកាន់ភ្ញៀវវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ nhk