វិស័យអាកាសចរណ៍របស់ប្រេស៊ីលរំពឹងថា នឹងមានការងើបឡើងវិញ ៨០% នៅត្រឹមខែធ្នូ
សេដ្ឋកិច្ច November 21, 2020 Chan Sreyny

ឧស្សាហកម្មអាកាសចរណ៍របស់ប្រេស៊ីល ហាក់ដូចជាស្ទុះងើបឡើងវិញពីផលប៉ះពាល់ខ្លាំងនៃជំងឺរាតត្បាត Covid-19 ហើយនៅក្នុងខែធ្នូ ពួកគេរំពឹងថានឹងដំណើរការបាន ៨០% នៃសមត្ថភាពដែលខ្លួនបានចុះបញ្ជីក្នុងខែតែមួយកាលពីឆ្នាំមុន។ លោក Ronei Glanzmann ប្រធានលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ប្រេស៊ីលបានថ្លែងក្នុងវេទិកាឧបត្ថម្ភដោយក្រសួងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ជាតិថា « ក្នុងអំឡុងពេលនៃការបិទទ្វារដែលបណ្ដាលមកពីការឆ្លងរាលដាលដោយជំងឺរាតត្បាតនេះ ជើងហោះហើរប្រចាំថ្ងៃជាមធ្យមរបស់ប្រេស៊ីលបានធ្លាក់ចុះពី ២,៥០០ មកប្រហែល ២០០ »។

លោកបានបន្តថា « ក្នុងរយៈពេលប៉ុន្មានខែដែលមានការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងជំងឺ Covid-19 នេះក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីលបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ៩៩% ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការកើនឡើងនៃសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល »។ លោក Glanzmann បានបន្ថែមថា « ចំនួននេះ គឺជាតួលេខគួរឱ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាមេរិកខាងត្បូង »។

គួរឱ្យដឹងផងដែរថា ជើងហោះហើរអន្តរជាតិនៅក្នុងខែធ្នូ ត្រូវបានគេរំពឹងថានឹងមានប្រហែល ៤៥% នៃសមត្ថភាពដែលត្រូវបានគេមើលឃើញកាលពីមួយឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet