រដ្ឋាភិបាលជប៉ុន នៅតែបន្តលើកទឹកចិត្តដល់អ្នកទេសចរក្នុងស្រុក បើទោះបីជាការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកើនឡើងខ្ពស់ក៏ដោយ
សេដ្ឋកិច្ច November 20, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន នឹងបន្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុករបស់ខ្លួន “ Go To Travel ” ទោះបីជាមានការព្រួយបារម្ភអំពីការលេចចេញនូវការឆ្លងជំងឺ Covid-19 ជាថ្មីនៅប្រទេសជប៉ុនក៏ដោយ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ។ បន្ទាប់ពីប្រទេសនេះបានឆ្លងជំងឹ Covid-19 ថ្មីចំនួន ២,៣៨៥ ករណីលោក Suga បាននិយាយនៅក្នុងសភាថា « យើងបាននិងកំពុងពិនិត្យមើលកម្មវិធីនេះឡើងវិញ ដោយស្តាប់យោបល់របស់អ្នកជំនាញ និងអាជីវកម្មដែលពាក់ព័ន្ធ។ យើងនឹងបន្តប្រតិបត្តិការនេះឱ្យបានត្រឹមត្រូវ »។

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា លោក Suga បាននិយាយថា ប្រទេសជប៉ុនកំពុងប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការរីករាលដាលនៃជំងឺ Covid-19 ហើយបានអំពាវនាវឱ្យប្រជាជនធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីការពារការឆ្លងនៃជំងឺនេះ។

កម្មវិធីឧបត្ថម្ភធន “ Go To Travel ” ដែលឧបត្ថម្ភទៅលើការចំណាយពាក់កណ្តាលនៃការចំណាយរបស់អ្នកធ្វើដំណើរ ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងខែកក្កដា ដើម្បីគាំទ្រឧស្សាហកម្មទេសចរណ៍បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា រហូតមកដល់ពេលនេះការធ្វើដំណើរប្រហែល ៤០ លានត្រូវបានគ្របដណ្តប់ដោយគម្រោងនេះ ដោយមានអ្នកធ្វើដំណើរចំនួន ១៧៦ នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺរាតត្បាតនេះ។

គួរឱ្យដឹងផងដែរថា ចំនួនករណីឆ្លងថ្មីនៅទីក្រុងតូក្យូបានកើនលើស ៥០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ជាលើកដំបូង ហើយរដ្ឋាភិបាលក្រុងបានបង្កើនការជូនដំណឹងអំពីឆ្លងជំងឺរាតត្បាតថ្មីរបស់ខ្លួនដល់កំរិតខ្ពស់បំផុត ៤ ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews