អូស្ត្រាលី ចាប់ផ្តើមធ្វើការចាក់សោរដ៏តឹងរឹងបំផុតមួយក្នុងចំណោមការចាក់សោរនៅលើពិភពលោក ខណៈពេលដែលហាងកាហ្វេ ភោជនីយដ្ឋាន និងពិធីផ្សេងៗត្រូវបិទទាំងអស់
សេដ្ឋកិច្ច November 19, 2020 Chan Sreyny

រដ្ឋភាគខាងត្បូងនៃប្រទេសអូស្រ្តាលី បានចាប់ផ្តើមការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា ជាមួយនឹងការហាមឃាត់ការធ្វើលំហាត់ប្រាណនៅខាងក្រៅ និងសូម្បីតែការដើរហើរបស់សត្វឆ្កែក៏ត្រូវបានហាមឃាត់ផងដែរ ខណៈពេលដែលអូស្ត្រាលីព្យាយាមទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាត Covid-19 ។ សាលារៀន សាកលវិទ្យាល័យ ហាងកាហ្វេ​ និងភោជនីយដ្ឋានត្រូវបានបិទ ពិធីមង្គលការ និងពិធីបុណ្យសពត្រូវបានហាមឃាត់ហើយការពាក់ម៉ាស់គឺជារឿងចាំបាច់បំផុត។

អាជ្ញាធរបាននិយាយថា ក្នុងរយៈពេល ៦ថ្ងៃមានតែមនុស្សម្នាក់ក្នុងគ្រួសារប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះជារៀងរាល់ថ្ងៃ ហើយត្រូវតែហេតុផលចាំបាច់ទើបអាចចេញទៅក្រៅបាន។

លោក Steven Marshall នាយករដ្ឋមន្រ្តីអូស្ត្រាលីបាននិយាយថា « ជំងឺរាតត្បាតដែលកំពុងតែសាយភាយគឺអាក្រក់ណាស់ ព្រោះភាគច្រើននៃអ្នកដែលឆ្លងមិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់ »។ លោកបន្តថា « វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ពីព្រោះអ្នកដែលឆ្លងជំងឺមិនបង្ហាញរោគសញ្ញាដូចដែលយើងធ្លាប់មាននោះទេ »។

ទន្ទឹមនឹងនេះ ការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឋជិតរដ្ឋ Victoria ដែលបង្កឱ្យមានការចាក់សោររយៈពេល ៣ ខែនៅក្នុងទីក្រុង Melbourne ។

គួរឱ្យដឹងផងដែរថា យោងតាមមជ្ឈមណ្ឌលធនធាន Johns Hopkins Coronavirus បានឱ្យដឹងថា នៅទូទាំងពិភពលោកករណីឆ្លងជំងឺ Covid-19 បានបញ្ជាក់ថាមានចំនួន ៥៥.៦ លាននាក់នៅទូទាំងពិភពលោក និងអ្នកស្លាប់ដែលត្រូវបានបញ្ជាក់មានច្រើនជាង ១.៣៣ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost