វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិអាមេរិក៖ បំណុលជាសកលនឹងកើនឡើងដល់ ២៧៧ ទ្រីលានដុល្លារនៅដំណាច់ឆ្នាំនេះ
សេដ្ឋកិច្ច November 19, 2020 Chan Sreyny

យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា បំណុលជាសកលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៧៧ ទ្រីលានដុល្លារនៅដំណាច់ឆ្នាំនេះ ខណៈពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុននានាបន្តចំណាយដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។

IIF ដែលមានសមាជិករបស់ខ្លួនរួមបញ្ចូលទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង ៤០០ នៅទូទាំងពិភពលោកបាននិយាយថា បំណុលបានកើនឡើងពីចំនួន ១៥ ទ្រីលានដុល្លារនៅឆ្នាំនេះដល់ ២៧២ ទ្រីលានដុល្លារគិតត្រឹមខែកញ្ញា។

IIF បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា « មានភាពមិនប្រាកដប្រជាគួរឱ្យកត់សម្គាល់អំពីរបៀប ដែលសេដ្ឋកិច្ចពិភពលោកអាចធ្វើឱ្យប្រសើរឡើងនាពេលអនាគត ដោយគ្មានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច »។ បំណុលរបស់សហរដ្ឋអាមេរិកសរុបនឹងឈានដល់ ៨០ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២០ ពោលគឺកើនឡើងពី ៧១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៩ ។

ទន្ទឹមនឹងនេះ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដូចជា៖ ប្រទេសលីបង់ ចិន ម៉ាឡេស៊ី និងទួរគីមានការកើនឡើងយ៉ាងខ្លាំងនូវសមាមាត្របំណុល។ ប្រាក់ចំណូលរបស់រដ្ឋាភិបាលធ្លាក់ចុះ ទីផ្សារកំពុងរីកចម្រើនបានធ្វើឱ្យមានការទូទាត់បំណុលកាន់តែច្រើន ទោះបីជាមានអត្រាការប្រាក់កម្ចីទាបនៅទូទាំងពិភពលោកក៏ដោយ។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៤.៤% នៅឆ្នាំនេះ និងកើនឡើង ៥.២% នៅឆ្នាំ ២០២១ នេះបើយោងតាមការប៉ាន់ស្មានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដោយសារការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងការរឹតត្បិតការធ្វើដំណើរបានធ្វើឱ្យសេដ្ឋកិច្ចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia