យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរទៅប្រទេសជប៉ុនបានធ្លាក់ចុះ ៩៨.៩% នៅក្នុងខែតុលា បើធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ២៧,៤០០នាក់ និងមានការធ្លាក់ចុះរយៈពេល ១៣ ខែជាប់ៗគ្នាដោយសារជំងឺរាតត្បាត Covid-19 ។ នេះជាលើកដំបូងដែលចំនួននេះបានកើនលើសពី ២០,០០០នាក់ ក្នុងរយៈពេល ៧ ខែដោយសាររដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតការចូលក្នុងប្រទេស និងតំបន់ចំនួន ១៥៩ ។
ចំនួននេះ ស្ថិតនៅក្នុងនិន្នាការកើនឡើងចាប់តាំងពីបានធ្លាក់ចុះដល់ ១,៦៦៣នាក់ នៅក្នុងខែឧសភា ដែលជាកម្រិតទាបបំផុតនៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលបានដកភាពអាសន្ននៅចុងខែឧសភា។ ភ្ញៀវទេសចរមកពីប្រទេសវៀតណាមមានចំនួនសរុប ៦,២០០នាក់ បន្ទាប់មកគឺមកពីប្រទេសចិនចំនួន ៤,៥០០នាក់ មកពីកូរ៉េខាងត្បូងចំនួន ២,០០០នាក់ និងមកពីប្រទេសថៃចំនួន ១,៤០០នាក់។

ចាប់តាំងពីថ្ងៃទី ១ ខែតុលា ចំនួនអ្នកធ្វើជំនួញមានកំណត់មកពីជុំវិញពិភពលោក ក៏ត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសជប៉ុនក្រោមលក្ខខណ្ឌជាក់លាក់ផងដែរ។ ក្នុងពេលនេះ ចំនួនជនជាតិជប៉ុនដែលចាកចេញពីប្រទេសក្នុងខែតុលា ក៏បានធ្លាក់ចុះ ៩៨.១% បើធៀបនឹងឆ្នាំមុន។ ដោយប្រទេសជាច្រើននៅតែដាក់ការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែន រដ្ឋាភិបាលជប៉ុនកំពុងផ្តល់ក្តីសង្ឃឹមរបស់ខ្លួនលើវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីស្តារឧស្សាហកម្មនេះឡើងវិញដែលរងគ្រោះដោយជំងឺរាតត្បាត។

ដោយទីភ្នាក់ងារទេសចរណ៍ជប៉ុនបានប្រកាសថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការឧបត្ថម្ភធន “Go To Travel” ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុក ហើយជាលទ្ធផលការចំណាយរបស់អ្នកដំណើរនៅក្នុងប្រទេសចន្លោះខែកក្កដា និងកញ្ញា បានកើនឡើងដល់ ២.៩២ ទ្រីលានយ៉េន (២៨ ពាន់លានដុល្លារ) ។

ទោះជាយ៉ាងណា ឧស្សាហកម្មទេសចរណ៍នៅតែបន្តរកផ្លូវងើបឡើងវិញ ដើម្បីងើបចេញពីស្ថានភាពធ្លាក់ចុះនៅតែមិនប្រាកដប្រជា ខណៈមានការព្រួយបារម្ភរបស់សាធារណៈជនចំពោះការឆ្លងជំងឺរាតត្បាតនេះបានកើនឡើងស្របពេលដែលមានករណីឆ្លងថ្មីៗនៅក្នុងទីក្រុងតូក្យូ និងទីក្រុងដទៃទៀត។
![]()
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃពុធ ទី ១៨ ខែវិច្ឆិកា ជប៉ុនបានរាយការណ៍ថាមានករណីឆ្លងថ្មីមានចំនួនជាង ២,០០០ ករណីជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ ដោយទីក្រុងតូក្យូបានជាប់កំណត់ត្រាប្រចាំថ្ងៃចំនួន ៤៩៣នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ kyodonews


