ក្រសួងទេសចរណ៍ជំរុញប្រតិបត្តិករទេសចរត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ខណៈ (UNWTO) ព្យាករថាក្រោយវិបត្តិកូវីដ-១៩ ទីផ្សារទេសចរណ៍នឹងចង្អៀត
ទេសចរណ៍ November 19, 2020 Khmernote

ក្រសួងទេសចរណ៍បានជំរុញដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីឱ្យវិស័យនេះមានភាពប្រក្រតីឡើងវិញនិងកាន់តែរីកចម្រើនទៅមុខ។ លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំឱ្យបានសកម្មនិងទូលំទូលាយពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារដល់ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានជាដើម។

លោកបានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកនូវការអភិវឌ្ឍទីផ្សារ ទេសចរណ៍ តាមបែបឌីជីថលឱ្យបានសកម្មនិងខិតខំរៀបចំក្រមប្រតិបត្តិក្រុមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន។

លោក​បញ្ជាក់​ថា៖ ​« នៅពេលបញ្ចប់កូវីដអង្គការទេសចរណ៍ពិភពលោក (UNWTO) បានព្យាកររួចហើយថា ទីផ្សារនឹងចង្អៀតអ៊ីចឹងគោលដៅនីមួយៗ ព្យាយាមយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ យើងព្យាយាមយ៉ាងណាឱ្យបានច្រើនជាងគេ។ យើងត្រូវមានយុទ្ធសាស្ត្រដែលគេផ្តល់អនុសាសន៍អង្គការទេសចរណ៍ពិភពលោកធ្វើយ៉ាងណាបង្ហាញពិភពលោកកម្ពុជា ជាគោលដៅដែលមានសុវត្ថិភាព។ ចំពោះអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តវិធានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងទេសចរណ៍ជាគោលដៅអាចជួយឱ្យយើងស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ បន្ទាប់មកទៀតប្រជាពលរដ្ឋនៅតាមសហគមន៍គួរយកចិត្តទុកដាក់អនាម័យ នឹងបូករួមការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អសម្រាប់ភ្ញៀវទេសចរ »។

សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលផែ្នកទេសចរណ៍ច្រើន ក្នុងការជំរុញការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលមានគោលដៅទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១៥លាននាក់ ដែលនឹងទទួលបានចំណូលប្រមាណ ១០ប៊ីលានដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់នៅឆ្នាំ២០៣០ ៕​

ប្រភព៖ ក្រសួងព័ត៌មាន