សៀមរាប៖ មន្ទីរអភិឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងជួសជុលផ្លូវថ្នល់ចំនួន ៣៣ខ្សែ ជាបន្តបន្ទាប់ ក្រោយរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ក្នុងចំណោមផ្លូវថ្នល់ជនបទចំនួន ៣៣ខ្សែដែលបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ក្រុមការងារជំនាញរបស់មន្ទីរបានសិក្សារួចរាល់ហើយ ហើយគ្រោងនឹងជួសជុលជាបន្តបន្ទាប់ចំនួន២១ខ្សែ ស្មើនឹង ១៩៦គីឡូម៉ែត្រ។ ចំណែកខ្សែផ្លូវផ្សេងៗទៀត ក៏ស្ថិតក្នុងគម្រោងជួសជុលដូចគ្នា ប៉ុន្តែនឹងចាប់ផ្តើមក្នុងអំឡុងចុងឆ្នាំ២០២០នេះ ពីព្រោះក្រសួងនិងមន្ទីរកំពុងស្វែងរកថវិកាដើម្បីដំណើរការជួសជុល។
លោកបានបន្តថា គម្រោងជួសជុលផ្លូវថ្នល់ទាំងនោះ ធ្វើឡើងដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលប្រាស្រ័យការធ្វើដំណើរទៅមក លើខ្សែផ្លូវដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។ យើងបានជ្រើសរើសខ្សែផ្លូវខូចខាត ដែលដាច់ចរាចរណ៍អត់កើត យើងហៅថាផ្លូវជួសជុលស្តារបន្ទាន់ ក្រោយពេលចុះពិនិត្យជាក់ស្តែង ឃើញថាផ្លូវដែលចំាបាច់ត្រូវជួសជុលបន្ទាន់មានតែ ២១ខ្សែប៉ុណ្ណោះ ផ្លូវសរុប ១៩៦គីឡូម៉ែត្រ យើងលិចទាំងអស់មែន តែគម្រោងខ្សែផ្លូវខ្លះ គម្រោងកំពុងអនុវត្ត ខ្សែផ្លូវខ្លះខែ ១២ហ្នឹងនឹងមានគម្រោងធ្វើ អ៊ីចឹងយើងដកចេញអស់នៅសល់ ២១ខ្សែ ស្មើ១៩៦គីឡូម៉ែត្រ ដោយសារការចុះពិនិត្យផ្លូវហ្នឹងជាការចាំបាច់ រាល់ថ្ងៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរ និងក្រសួងសេដ្ឋកិច្ចកំពុងដុតដៃដុតជើងដើម្បីរកថវិកាជួសជុល។

គួរជម្រាបផងដែរថា ផ្លូវថ្នល់ដែលខូចខាតចំនួន៣៣ខ្សែ ស្មើនឹង៤១៩គីឡូម៉ែត្រនេះ មាននៅក្នុងស្រុកចំនួន ៨នៃខេត្តសៀមរាប មានដូចជា ស្រុកស្រីស្នំ អង្គរជុំ ពួក ក្រឡាញ់ ស្រុកវ៉ារិន្ទ បន្ទាយស្រី អង្គរធំ និងស្រុកសូទ្រនិគម បានរងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ។ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធកំពុងខិតខំស្វែងរកកញ្ចប់ថវិកា ដើម្បីធ្វើការជួសជុលផ្លូវ ទាំងអស់នោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវដែលខូចខាត មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវនៃការជួសជុលនេះ៕



ប្រភព៖ ក្រសួងព័ត៌មាន


