គណៈរដ្ឋមន្រ្តីថៃ បានផ្តល់ការអនុញ្ញាតឱ្យក្រសួងសុខាភិបាលចំណាយថវិកាចំនួន ៦ ពាន់លានបាត (២០០ លានដុល្លារ) និងបម្រុងទុកវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២៦ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា ថវិកាទាំងនេះនឹងបានមកពីថវិកាបន្ទាន់របស់ខ្លួន ដែលត្រូវបានបម្រុងទុកសម្រាប់លទ្ធកម្មវ៉ាក់សាំងដែលកំពុងត្រូវបានសាកល្បងដោយក្រុមហ៊ុនឱសថ។
លោក Anucha បន្តថា រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចាប់តាំងពីក្រសួងសុខាភិបាលបានចុះ MoU ជាមួយក្រុមហ៊ុន ហើយខ្លួនបានយល់ព្រមផលិតវ៉ាក់សាំងនេះដោយសហការជាមួយក្រុមហ៊ុនថៃ Siam Bioscience ។ រដ្ឋាភិបាល បានណែនាំវិទ្យាស្ថានវ៉ាក់សាំងជាតិឱ្យទិញវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់ ២០% នៃប្រជាជន ឬប្រហែល ១៣ លាននាក់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បាននិយាយថា ការបញ្ជាទិញដែលបានធ្វើឡើងដើម្បីធានាថាប្រទេសថៃនឹងទទួលបានវ៉ាក់សាំងនេះភ្លាមៗ នៅពេលដែលទទួលបានការយល់ព្រមសុវត្ថិភាពនៅក្នុងចក្រភពអង់គ្លេស។ លើសពីនេះទៀត កិច្ចសន្យាជាមួយក្រុមហ៊ុន AstraZeneca អនុញ្ញាតឱ្យប្រទេសថៃផលិតវ៉ាក់សាំងបន្ថែមទៀតនៅឯរោងចក្រផ្ទាល់របស់ខ្លួននៅ Pathum Thani ។

រដ្ឋាភិបាលជឿជាក់ថា ការរៀបចំនេះនឹងធានាថាវ៉ាក់សាំងនឹងមានសម្រាប់មនុស្សគ្រប់គ្នាដែលត្រូវការវានៅក្នុងប្រទេសថៃ និងប្រទេសជិតខាងផងដែរ។ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសជាច្រើននឹងមានការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺ Covid-19 នៅដំណាច់ឆ្នាំក្រោយ៕
![]()
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


