ប្រធានាធិបតីអាមេរិកថ្មីគឺលោក ចូ បៃដិន បានគូសបញ្ជាក់ពីផែនការរបស់លោក ដើម្បីកសាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញដែលត្រូវបំផ្លាញដោយជំងឺរាតត្បាត Covid-19។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីច័ន្ទនៅឯរដ្ឋ Delaware បន្ទាប់ពីលោកបានធ្វើសន្និសិទវីដេអូជាមួយនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនធំៗរបស់អាមេរិករួមទាំង General Motors និង Microsoft លោក បៃដិន បាននិយាយថា លោកនឹងផ្ដល់ការសង្រ្គោះបន្ទាន់ភ្លាមៗ ហើយចាំបាច់ត្រូវធ្វើយ៉ាងឆាប់រហ័សបំផុត សម្រាប់ជនជាតិអាមេរិករាប់លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ឬ បាត់បង់ការងារ។
ប្រធានាធិបតីរូបនេះ បានកត់សម្គាល់ថា ផែនការសេដ្ឋកិច្ចរបស់លោករួមមានការលើកទឹកចិត្តសម្រាប់អ្នកទិញរថយន្តដែលផលិតក្នុងស្រុក និងផលិតផលផ្សេងទៀតក៏ដូចជាវិនិយោគ ៣០០ ពាន់លានដុល្លារទៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ។ ជាមួយគ្នានេះ លោក បៃដិន បានសន្យាថានឹងបង្កើតការងារថ្មីចំនួន ៣លាននាក់ និងកែលំអលក្ខខណ្ឌការងារដោយដំឡើងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែលោកមិនបានបញ្ជាក់ពីទំហំនៃការចំណាយថវិកាដែលបានគ្រោងទុកនោះទេ។ ទោះជាយ៉ាងណាក្ដី ការព្រួយបារម្ភកំពុងកើនឡើង ថាការពន្យាពេលក្នុងការផ្លាស់ប្តូរអំណាចទៅលោក បៃដិន និងអាចបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ ខណៈលោក ដូណាល់ ត្រាំ មិនទាន់បានទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីថ្មីនេះនៅឡើយទេ៕



អត្ថបទ៖ លីនី
ប្រភព៖ nhk


