ឧស្សហកម្មទេសចរណ៍របស់ឥណ្ឌូនេស៊ី ខាតបង់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារដោយសារកូវីដ-១៩
សេដ្ឋកិច្ច November 18, 2020 Chan Sreyny

ការខាតបង់នៅក្នុងឧស្សាហកម្មទេសចរណ៍របស់ឥណ្ឌូនេស៊ី ដោយសារជំងឺរាតត្បាត Covid-19 បានកើនឡើងដល់ជាង ១០០ ទ្រីលានរូ៉ពី (៧.១ ពាន់លានដុល្លារ) ។ ទិន្នន័យសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូណេស៊ី (PHRI) បានបង្ហាញថា ស្ថានភាពបច្ចុប្បន្នបានធ្វើឱ្យមានការបញ្ឈប់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មនេះ ដោយមាននិយោជិកសណ្ឋាគារប្រហែល ៥៥០,០០០នាក់ ឬប្រហែល ៧៨.៥% នៃកម្មករ និយោជិកដែលបានចុះបញ្ជីសរុបនៅក្នុងឧស្សាហកម្មនេះបានកាត់បន្ថយប្រាក់ខែ ឬបញ្ឈប់ការងារ។

PHRI បាននិយាយថា នៅក្នុងឧស្សាហកម្មភោជនីយដ្ឋានប្រហែល ១ លាននាក់នៃបុគ្គលិកភោជនីយដ្ឋានដែលបានចុះឈ្មោះចំនួន ១ លាន ៥ សែននាក់ក៏ត្រូវបានផ្អាក ឬបញ្ឈប់ការងារតាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះនៅឥណ្ឌូនេស៊ី។

ទន្ទឹមនឹងនេះ ប្រធាន PHRI លោក Hariyadi Sukamdani បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអ៉ីនធឺណេតកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាថា « ខណៈពេលដែលយើងមិនបានធ្វើបច្ចុប្បន្នភាព ទិន្នន័យឧស្សាហកម្មទេសចរណ៍នៅត្រីមាសទី៣ យើងអាចនិយាយបានថា ការខាតបង់ប្រាក់ចំណូលមានលើសពី ១០០ ទ្រីលានរូ៉ពីនៅដើមខែវិច្ឆិកា » ។ « អាជីវកម្មទេសចរណ៍ កំពុងតែទទួលរងនូវការរងគ្រោះខ្លាំងបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ ទោះបីជាយើងអនុវត្តពិធីសារសុខភាពតឹងរឹងក៏ដោយ »។

គួរឱ្យដឹងផងដែរថា ឧស្សាហកម្មទេសចរណ៍នៅឥណ្ឌូនេស៊ី គឺជាវិស័យមួយក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងជាងគេក្នុងកំឡុងពេលជំងឺរាតត្បាតនេះ ដោយសារមនុស្សបានកំណត់សកម្មភាពរបស់ពួកគេ និងលុបចោលផែនការវិស្សមកាលរបស់ពួកគេ។ យោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៧០.៥៧% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost